Elon Musk បង្ហើបថា ប្រធានាធិបតីអាមេរិកឯកភាពក្នុងការបិទទីភ្នាក់ងារផ្ដល់ជំនួយ USAID

ទីភ្នាក់ងារផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID របស់សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបិទទ្វារ បន្ទាប់ពីមហាសេដ្ឋី Elon Musk បានបង្ហើបថា ប្រធានាធិបតី Donald Trump បានឯកភាពបិទទីភ្នាក់ងារមួយនេះ ដើម្បីកាត់បន្ថយការចំណាយរដ្ឋាភិបាល។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន CNN បានឲ្យដឹងថា លោក Musk បានជជែកជាមួយមេដឹកនាំអាមេរិក ទាក់ទងនឹងការលុបបំបាត់ទីភ្នាក់ងារ USAID ហើយលោក Trump ក៏បានបើកភ្លើងខៀវ ដើម្បីកាត់បន្ថយការចំណាយរដ្ឋាភិបាល ពោលក្នុងមួយឆ្នាំៗ USAID ចំណាយលុយខ្ទង់រាប់សិបពាន់លានដុល្លារ លើជំនួយមនុស្សធម៌ និងមូលនិធិអភិវឌ្ឍអន្តរជាតិ។

ព័ត៌មាននៃការបិទ USAID បានកើតឡើង បន្ទាប់ពីមន្ត្រី USAID ពីររូបបានរារាំងមិនឲ្យសមាជិកនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ចូលឆែកឆេរឯកសារ បើទោះជាពួកគេគំរាមចាត់វិធានការផ្លូវច្បាប់ ដើម្បីចូលឆែកឯកសារក្ដី។

មហាសេដ្ឋី Elon Musk បានអះអាងថា USAID គឺមិនអាចស្រោចស្រង់វិញបានឡើយ ពោលវាប្រៀបដូចជាផ្លែប៉ោមមួយផ្លែ ដែលពោរពេញដោយដង្កូវ ដូច្នេះគឺមានតែគ្រវាត់វាចោល ដើម្បីកុំឲ្យស្អុយដល់ផ្លែឈើដទៃក្នុងកន្ត្រកតែមួយ។

USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ក្រោមការបញ្ជារបស់ប្រធានាធិបតី John F. Kennedy និងជាអង្គការមនុស្សធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ វាផ្តល់ប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ ព្យាបាលជំងឺ និងឆ្លើយតបទៅនឹងទុរ្ភិក្ស និងគ្រោះមហន្តរាយធម្មជាតិ។ វាក៏ជំរុញការកសាង និងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដោយគាំទ្រដល់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគំនិតផ្តួចផ្តើមសង្គមជាដើម។

គួររំលឹកបន្តិចថា ចាប់តាំងពីឡើងអង្គុយកៅអីប្រធានាធិបតី លោក Donald Trump បានប្រកាសព្យាយាមកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដោយបានចេញបញ្ជាផ្អាករាល់ការផ្ដល់ជំនួយបរទេស រយៈពេល ៩០ថ្ងៃ បង្កឲ្យមានភាពចលាចល និងឈានដល់ការបិទកម្មវិធីផ្ដល់ជំនួយជាច្រើន៕

អត្ថបទ៖ Luffy រូបភាព៖ MassLive/ CNN