ចក្រភពអង់គ្លេស បានសម្រេចបន្តផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជា តាមរយៈគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំបន្ថែមទៀត ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ ២០២៩។
ការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ ត្រូវបានភាគីអង់គ្លេសបញ្ជាក់ថា គឺដើម្បីជួយធានាឲ្យមានការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់កម្ពុជាទៅដោយរលូន។
ក្រសួងការបរទេស បានឲ្យដឹងពីជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃ ៣០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅថា ភាគីទាំងសងខាងបានលើកឡើងពីទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិស័យការពារជាតិ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម តាមរយៈការផ្លាស់ប្ដូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស កាលពីឆ្នាំ ២០២៤ សម្រេចបានជាង ១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជិត ១ ពាន់លានដុល្លារ កើនឡើងជាង ២០ ភាគរយបើធៀបនឹង ២០២៣។ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១០ របស់កម្ពុជា បន្ទាប់ពីចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូណេស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងការបរទេស