សហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត បន្ទាប់ពីយល់ព្រមបទឈប់បាញ់ជាមួយរុស្សុី

បេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump ប្រចាំនៅអ៊ុយក្រែន និងរុស្សុី បានប្រាប់រ៉យទ័រថា សហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ ជាពិសេសប្រសិនបើទីក្រុង Kyiv អាចយល់ព្រមបទឈប់បាញ់ជាមួយរុស្ស៊ីក្នុងប៉ុន្មានខែខាងមុខនេះ។

លោក Keith Kellogg បេសកជនពិសេសរបស់លោក Trump ប្រចាំប្រទេសអ៊ុយក្រែន និងរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ ការបោះឆ្នោតប្រធានាធិបតី និងសភាអ៊ុយក្រែន “ចាំបាច់ត្រូវធ្វើ” ដែលបានផ្អាកក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។

តាមដានជាមួយយើង៖ Million Times

លោកនិយាយថា “ប្រទេសប្រជាធិបតេយ្យភាគច្រើនមានការបោះឆ្នោតនៅក្នុងពេលវេលានៃសង្រ្គាម។ ខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់​លទ្ធិប្រជាធិបតេយ្យ។ នោះ​ជា​សោភ័ណភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​រឹង​មាំ”។

លោក Trump និងលោក Kellogg បាននិយាយថា ពួកគេកំពុងធ្វើការលើផែនការដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានខែដំបូងនៃរដ្ឋបាលថ្មីដើម្បីបញ្ចប់សង្រ្គាមដែលផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រដ្ឋបាលថ្មីអាមេរិកបានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីយុទ្ធសាស្ត្រសម្រាប់ការបញ្ចប់ជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

ផែនការរបស់លោក Trump នៅតែវិវត្តន៍ ហើយមិនមានការសម្រេចចិត្តខាងគោលនយោបាយណាមួយត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែលោក Kellogg និងមន្ត្រីសេតវិមានផ្សេងទៀតបានពិភាក្សាគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយជំរុញឱ្យអ៊ុយក្រែនយល់ព្រមចំពោះការបោះឆ្នោតជាផ្នែកនៃបទឈប់បាញ់ដំបូងជាមួយរុស្ស៊ី៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP