ប្រពៃណីចាប់ត្រីបុរាណដ៏ធំប្រចាំកម្ពុជា នៅត្បូងឃ្មុំ ទាក់ទាញទាំងបរទេសចូលរួម

ព្រឹត្តិការណ៍​ចាប់ត្រី​បែប​ប្រពៃណី ដ៏​ធំ​ជាង​គេ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ស្ថិត​នៅ​បឹង​ត្រពាំង​ក្រម ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ជាច្រើន​ចូល​រួម​​កុះករ មិន​ខុស​ពី​សព្វមួយ​ដង​ឡើយ។

តាមដានជាមួយយើង៖ Million Times

មិន​ខុស​ពី​រាល់ឆ្នាំ រដ្ឋបាល​ខេត្តត្បូងឃ្មុំ បាន​រៀបចំ​ព្រឹត្តិការណ៍​ពិធី​ចាប់​ត្រី​បែប​បុរាណ ជា​ទំនៀមទម្លាប់​ប្រជាពលរដ្ឋ ពី​ដូន​តា​ត​ជំនាន់​រាប់​រយ​ឆ្នាំ​មក​ហើយ នៅ​ភូមិ​សាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។ សម្រាប់​ឆ្នាំ​នេះ បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃ១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ជា​ការ​បន្ត​ថែរក្សា​ទំនៀមទម្លាប់​ពី​បុរាណ​របស់​ពលរដ្ឋ។

ជារៀងរាល់​ឆ្នាំ ដើម​ខែ​កុម្ភៈ ប្រជាពលរដ្ឋនៅទីនោះ តែងតែ​ប្រារព្ធ​ពិធី​ចាប់​​ត្រី យក​មក​ចម្អិន​ហូប​ជុំ​គ្នា ដែល​ជា​ទំនៀមទម្លាប់​តាំង​ពី​ដើម​រហូត​រៀង​មក​ដល់​សព្វថ្ងៃ តែ​ជា​លក្ខណៈ​តាម​តំបន់​ក្នុងភូមិ-ស្រុក។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់ ​នេះ​មាន​ឧបករណ៍ សម្រាប់​ចាប់​ត្រី​បែបបុរាណ​ដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។

គួរ​បញ្ជាក់​ថា បឹងត្រពាំងក្រម​ស្ថិត​ក្នុង​ភូមិ​សាទុំ ឃុំជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ផ្ទៃ​ជម្រាល​ប្រមូល​ទឹក ៣០ ហិកតា និង​មាន​បឹង​តូច​ៗ ២០ បឹង ជា​សាខា ព្រម​ទាំង​មាន​រុក្ខជាតិ​លិច​ទឹក​ជាច្រើន​ប្រភេទ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោម​ការ​យក​ចិត្តទុកដាក់គិតគូខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ធំ​ឡើង​ៗ ពិសេស​ដោយ​មាន​ការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងព័ត៌មាន មានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​នានា ធ្វើឲ្យ​ពលរដ្ឋ​ជិត​ឆ្ងាយ​បាន​ឃើញ បាន​ដឹង និង​ចាប់អារម្មណ៍​ចូលរួម​រាប់​ម៉ឺន​នាក់ ច្រើន​កកកុញ កុះករ ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​ទេស​ចរ​បរទេស​​ផងដែរ៕

អត្ថបទ៖ មេរ៉ា៖ រូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ