បើទោះជាចៅប្រុសរបស់មហាសេដ្ឋីនី ភាព ហៀក ស្ថាបនិក ជីប ម៉ុង Group រៀបការជាមួយចៅស្រីលោក ជា សុផារ៉ា មន្រ្តីជាន់ខ្ពស់លេចធ្លោមួយរូបនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានជាង ២ ឆ្នាំមកហើយក្ដី តែមហាជននៅតែតាមដានរឿងរ៉ាវផ្សេងៗនៃជីវិតគូអ្នកទាំង ២។
ខុសពីគូអភិជនដទៃដែលទោះជារៀបការផ្អើលអស់ស្រុកខ្មែរដូចគ្នាក៏ពិតមែន តែចៅប្រុសថៅកែ ជីប ម៉ុង គឺលោក អ៊ឹង ឫទ្ធី និងអ្នកនាង ផន សុផានីសា នៅតែជាបុគ្គលល្បីឈ្មោះ និងមានអ្នកតាមដានមិនដាច់សោះ ឲ្យតែបង្ហាញខ្លួនតាមកម្មវិធីម្ដងៗ។
ជាក់ស្ដែងដូចកាលថ្ងៃដាក់សម្ពោធជាផ្លូវការទូរស័ព្ទស៊េរីទំបើប Galaxy S25 នៅផ្សារទំនើប ជីប ម៉ុង ឬអាចហៅបានថា កម្មវិធីមុខជំនួញរបស់គ្រួសារ វត្តមាន ឫទ្ធី និង នីសា ធ្វើឲ្យអ្នកដែលទៅចូលរួម ចោមរោមសុំថតរូបជាមួយយ៉ាងជុំជិត។ មួយវិញទៀត មួយរយៈចុងក្រោយនេះ គេសង្កេតឃើញប្ដីប្រពន្ធដ៏សមគ្នាមួយគូនេះ តែងតែបង្ហាញខ្លួនញឹកញាប់ ឲ្យតែជាកម្មវិធីនៃមុខជំនួញរបស់ក្រុមហ៊ុន ជីប ម៉ុង។
ក្រឡេកទៅមើលមើលកម្មវិធី Gumball 3000 កាលពីឆ្នាំ ២០២៤ កន្លងទៅ លោក អ៊ឹង ឫទ្ធី និងអ្នកនាង ផន សុផានីសា ក៏បានចូលរួមដូចគ្នាដែរ ហើយក៏មានអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តគូស្វាមីអ្នកទាំង ២ ទៅសុំថតជាមួយ មិនខុសពីតារាល្បីៗឡើយ។
អ្នកដែលបានតាមដានជីវិតគូស្នេហ៍អភិជននេះ តែងតែលើកឡើងស្រដៀងគ្នាថា ចៅប្រុស និងចៅប្រសាស្រីនៃត្រកូលអ្នកជំនួញដ៏កំពូល ជីប ម៉ុង មានឫកពាថ្លៃថ្នូរ មិនប្រកាន់ខ្លួន ញញឹមញញែម ឱនលំទោនចំពោះអ្នកដទៃជានិច្ច។ មិនតែប៉ុណ្ណេះ ២ នាក់ប្ដីប្រពន្ធគូនេះ មើលទៅសាមញ្ញខ្លាំងណាស់ បែបនេះហើយទើបទាក់ទាញមហាជនឲ្យចូលចិត្តមិនប្រែ។
ជាគូស្នេហ៍ដែលមានព្រមទាំងរូបសម្បត្តិ ចំណេះដឹង បែបនេះហើយទើបអ្នកដែលនិយមតាមដានកម្មវិធីអភិជន តែងពោលថា អ្នកទាំង ២ គឺជាគូដ៏ស័ក្តិសមបំផុត។ មួយវិញទៀតមហាសេដ្ឋីនី ភាព ហៀក មានចៅប្រុសស្រីជាច្រើនបានរៀបមង្គលការយ៉ាងធំ និងកក្រើកក្រុងភ្នំពេញដូចគ្នា តែគូឫទ្ធី-នីសា នេះ មានការគាំទ្រ និងកោតសរសើរ តាំងពីថ្ងៃមង្គលជ័យ រហូតមកទល់ពេលនេះ៕
អត្ថបទ៖ មេរ៉ា, រូបភាព Samsung