អតីតនាយករដ្ឋមន្ត្រីថៃ Thaksin ប្ដេជ្ញាស្ដារសេដ្ឋកិច្ចប្រទេសជាតិក្នុងរយៈពេល ៣ឆ្នាំ

កាលពីថ្ងៃពុធ ទី២៩ ខែមករា លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃបានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុះមុតថា លោកនឹងលះបង់ខ្លួនប្រាណ ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសជាតិឲ្យល្អប្រសើរវិញ ក្នុងរយៈពេល ៣ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

កាសែត BangkokPost បានចុះផ្សាយថា ការប្ដេជ្ញាចិត្តរបស់អតីតមេដឹកនាំថៃរូបនេះកើតឡើង បន្ទាប់ពីលោកអះអាងថា ស្ថានភាពសេដ្ឋកិច្ចថៃកំពុងមានអតុល្យភាពជាខ្លាំង ដោយសារការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងជំនាន់មុនៗ។

ឪពុកនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានមានប្រសាសន៍ថា «សេដ្ឋកិច្ចទូទាំងប្រទេសបានដួលរលំ ស្របពេលចំណូលប្រជាជនបានបាត់បង់។ ប្រាក់ចំណេញធនាគារពាណិជ្ជកម្មកើនឡើង ១៤% ធៀនឹងកំណើន GDP មានត្រឹម ៣% ដែលវាបង្ហាញឲ្យឃើញថា ស្ថានភាពសេដ្ឋកិច្ចកំពុងមានអតុល្យភាព ដោយសារការគ្រប់គ្រងមិនច្បាស់លាស់ពីជំនាន់មុនៗ»។

លោក Thaksin ថែមទាំងសង្កត់ធ្ងន់ទៀតថា ស្ថានភាពសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ន គឺមានភាពអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុអាស៊ី ដែលបានផ្ទុះកាលពីឆ្នាំ១៩៩៧ ថែមទៀត។

អតីតនាយករដ្ឋមន្ត្រីថៃបន្តថា បច្ចុប្បន្នកូនស្រីរបស់លោកកំពុងមមាញឹកក្នុងការដឹកនាំប្រទេស ហើយរូបលោកគ្រាន់តែដើរតួជាទីប្រឹក្សាផ្ដល់យោបល់ ជុំវិញការជំរុញកំណើនសេដ្ឋកិច្ចពីក្រោយប៉ុណ្ណោះ។ លោកបានប្ដេជ្ញាថា រយៈពេល ៣ឆ្នាំខាងមុខ លោកនឹងព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ច និងស្ដារភាពរុងរឿងជូនប្រទេសជាតិឡើងវិញ ឲ្យអស់ពីលទ្ធភាពរបស់លោក៕

អត្ថបទ៖ Luffy រូបភាព៖ Khaosod