លោក Trump បញ្ជាមន្ទីរបញ្ចកោណ សង់កន្លែងឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍ ៣០ ០០០នាក់

ប្រធានាធិបតីអាមេរិក Donald Trump បានចេញបញ្ជាឲ្យមន្ទីរបញ្ចកោណ រួមទាំងនាយកដ្ឋានសន្តិសុខមាតុភូមិ រៀបចំសាងសង់កន្លែងឃុំឃាំងនៅពន្ធនាគារ Guantanamo Bay សម្រាប់ជនអន្តោប្រវេសន៍ ដែលអាចផ្ទុកបានមនុស្សរហូតដល់ ៣០ ០០០នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

លោក Trump បានមានប្រសាសន៍ថា មន្ទីរឃុំឃាំងមួយនោះទុកសម្រាប់ឃុំខ្លួនជនបរទេសខុសច្បាប់ ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត ដែលគំរាមកំហែងប្រជាជនអាមេរិក។

ពន្ធនាគារ Guantanamo Bay ត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ២០០២ ដោយប្រធានាធិបតីអាមេរិក George W. Bush នៅក្នុងប្រទេសគុយបា ដើម្បីឃុំឃាំងសកម្មជនប្រយុទ្ធប្រឆាំងបរទេស ដែលវាយប្រហារលើអាមេរិក។ បច្ចុប្បន្នពន្ធនាគារមួយនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹកអាមេរិក។

ប្រធានាធិបតីគុយបា Miguel Diaz-Canel បានហៅការសម្រេចចិត្តរបស់លោក Trump ថា ជាទង្វើដ៏ឃោឃៅមួយ ដែលជាប់ជនអន្តោប្រវេសន៍ដាក់ក្នុងពន្ធនាគារបែបនេះ ខណៈប្រធានាធិបតីអាមេរិកអះអាងថា ជាការការពារសិទ្ធសេរីភាពរបស់ជនជាតិអាមេរិក។

សូមជម្រាបដែរថា ចាប់តាំងពីក្លាយជាមេដឹកនាំអាមេរិក Donald Trump បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹង ជុំវិញការលុបបំបាត់បញ្ហាជនអន្តោប្រវេសន៍នៅអាមេរិក ដោយបានជម្លៀសពួកគេចេញពីទឹកដីអាមេរិកជាបន្តបន្ទាប់៕

អត្ថបទ៖ Luffy រូបភាព៖ Strait Times/ Reuters