ក្រុមហ៊ុន Trump Media and Technology Group របស់លោក Donald Trump បានប្រកាសកាលពីថ្ងៃទី២៩ ខែមករាថា ក្រុមប្រឹក្សាភិបាលបានឯកភាព និងអនុម័ត ចំពោះការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយ មានឈ្មោះថា Truth.Fi។
សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Truth.Fi រកស៊ីលើសេវាកម្មផ្នែកហិរញ្ញវត្ថុ និងផ្ដល់សេវាកម្ម FinTech ដែលប្រើប្រាស់បច្ចេកវិទ្យា ក្នុងការទូទាត់សាច់ប្រាក់ផ្សេងៗ តាមរយៈប្រព័ន្ធឌីជីថល និងកាក់ឌីជីថលជាដើម។ ក្រុមប្រឹក្សាភិបាលក៏បានអនុញ្ញាតឲ្យមានការវិនិយោគ ចំពោះគម្រោងថ្មីមួយនេះ ក្នុងទំហំទឹកប្រាក់រហូតដល់ ២៥០លានដុល្លារ តាមរយៈក្រុមហ៊ុន Charles Schwab ផងដែរ។


ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Sarasota រដ្ឋ Florida ក៏បានបង្ហើបពីគម្រោងវិនិយោគរបស់ខ្លួន ដោយចំណាយទឹកប្រាក់ទាំងនោះ សម្រាប់មូលនិធិជួញដូរដោយការផ្លាស់ប្តូរ គណនីគ្រប់គ្រងដាច់ដោយឡែក (SMAs) កាក់ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត។
ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Truth.Fi ទំនងអាចកើតចេញជារូបរាងនៅក្នុងឆ្នាំនេះ បន្ទាប់ពីទំហំចំណាយសម្រាប់មូលនិធិ ត្រូវបានកំណត់ច្បាស់លាស់ និងការអនុម័តចាំបាច់ផ្សេងៗ ត្រូវបានអនុញ្ញាតដោយនិយតករហិរញ្ញវត្ថុ៕
អត្ថបទ៖ Luffy រូបភាព៖ Crypto Economy