អតីតអភិបាលក្រុង មហាសេដ្ឋី Michael Bloomberg បានប្រកាសថា លោកនឹងជួយដល់មូលនិធិប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ (UN) ដើម្បីប៉ះប៉ូវដល់ចំណុចខ្វះខាតនានា បន្ទាប់ពីលោក Donald Trump ប្រធានាធិបតីអាមេរិក បានប្រកាសចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុប៉ារីស។


អង្គការសប្បុរសធម៌របស់មហាសេដ្ឋីអាមេរិករូបនេះ ធានាផ្ដល់ជំនួយទៅកាន់ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក្នុងទំហំទឹកប្រាក់ដែលរដ្ឋាភិបាលអាមេរិក តែងតែផ្ដល់ជូនជារៀងរាល់ឆ្នាំ។
គួររំលឹកបន្តិចថា កន្លងមកអាមេរិកគឺជាអ្នកជ្រោមជ្រែងធំបំផុតមួយរបស់ UNFCCC ពោលពួកគេរ៉ាប់រងកញ្ចប់ចំណាយប្រហែល ២១% នៃកញ្ចប់ថវិកាសរុប ដោយកាលពីឆ្នាំទៅអាមេរិកបានផ្ដល់ជំនួយ ៧,៤លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៤។
អង្គការសប្បុរសធម៌របស់លោក Bloomberg កំពុងដុតដៃដុតជើង ស្វែងរកការសហការពីអង្គការផ្សេងៗទៀត ក៏ដូចជាអាជ្ញាធរក្រុងនានា ដើម្បីធានាបានថា UNFCCC នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការរបស់ខ្លួន បើទោះជាប្រធានាធិបតី Donald Trump ដកខ្លួនចេញពីការផ្គត់ផ្គង់ជំនួយហិរញ្ញវត្ថុក្ដី៕
អត្ថបទ៖ Luffy រូបភាព៖ Fortune