បន្ទាប់ពីបើកសវនាការរយៈពេលមួយថ្ងៃ ទីបំផុតចៅក្រមសហព័ន្ធអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករាថា បទបញ្ជាប្រតិបត្តិកំណត់សិទ្ធទទួលបានសញ្ជាតិពីកំណើត ដែលចុះហត្ថលេខាពីប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ ទី២០ ខែមករា ត្រូវសម្រេចផ្អាកការអនុវត្តជាបណ្ដោះអាសន្ន។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក John Coughenour ចៅក្រមស្រុកអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Seattle បានចេញដីកាហាមឃាត់មួយនោះ និងបានហៅបទបញ្ជារបស់លោក Trump ថា «អធម្មនុញ្ញភាព»។
ចៅក្រមរូបនេះបានសម្រេចពន្យារពេលអនុវត្តគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកទូទាំងប្រទេស រយៈពេល ១៤ថ្ងៃ និងកំពុងពិចារណាថា គួរចេញលិខិតដីកាផ្អាកបណ្ដោះអាសន្នយូរជាងនេះដែរឬទេ បន្ទាប់ពីសេចក្ដីសម្រេចមួយនេះអស់សុពលភាព។ សេចក្ដីប្រកាសបន្ទាប់ជុំវិញការពិចារណាខាងលើ នឹងត្រូវបង្ហាញជាសាធារណៈនៅថ្ងៃទី០៦ ខែកុម្ភៈ។
ជាមួយគ្នា រដ្ឋបាលរបស់លោក Trump ក៏បានចេញមុខអះអាងថា ពួកគេនឹងប្ដឹងឧទ្ធរណ៍ ចំពោះការសម្រេចពីចៅក្រមទីក្រុង Seattle ជុំវិញបញ្ហាមួយនេះ។
គួររំលឹកបន្តិចថា ក្រោមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី Donald Trump បានកំណត់ថា រាល់ទារកដែលបានកើតនៅលើទឹកដីអាមេរិក ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដែលមានម្ដាយឪពុកមិនមែនជាជនជាតិអាមេរិក ឬជនស្នាក់នៅអចិន្ត្រៃយ៍ នឹងមិនទទួលបានសញ្ជាតិអាមេរិកស្វ័យប្រវត្តិ តាមច្បាប់បានចែងក្នុងវិសោធនកម្មលើកទី១៤ ឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ ABC