មហាសេដ្ឋីដែលកំពុងក្តោបក្តាប់មុខជំនួញមិនក្រោម ៣០នៅក្នុងដៃ ហើយក៏ជាធុរជនដ៏មានឥទ្ធិពលលោកសេដ្ឋី គិត ម៉េង បានថ្លែងថា នៅពេលដែលខ្ញុំចាប់ផ្តើមធុរកិច្ចរបស់ខ្ញុំ អ្វីដែលខ្ញុំផ្តោតជាសំខាន់នោះគឺការកសាងជំនួញរបស់ខ្ញុំ មិនមែនផ្តោតលើថា តើអ្នកដឹកនាំបែបណាដែលខ្ញុំចង់ធ្វើនោះទេ។ លោកកត់សម្គាល់ថា យូរៗទៅ ខ្ញុំបានយល់ដឹងថា ភាពជាអ្នកដឹកនាំមិនមែនគ្រាន់តែជាការសម្រេចបាននូវគោលដៅនោះទេ វាក៏បង្ហាញពីការផ្តល់ការគាំទ្រ ការយកចិត្តទុកដាក់ និងការតម្រែតម្រង់ផ្លូវដល់ក្រុមការងាររបស់អ្នក និងរបៀបដឹកនាំដោយសុចរិត។
លើបណ្តាញសង្គមផ្ទាល់ខ្លួននាពេលកន្លងទៅ អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group បានគូសបញ្ជាក់ថា សង្គតិភាពក្នុងសកម្មភាពនានា និងការប្រាស្រ័យទាក់ទងគ្នាបង្កើតឱ្យមានទំនុកចិត្ត។ នៅពេលដែលពាក្យសម្តីរបស់អ្នកឆ្លុះបញ្ចាំងឱ្យឃើញឥរិយាបថរបស់អ្នក នោះអ្នកធ្វើឱ្យក្រុមការងារបង្ហាញនូវយថាភាព និងភាពជឿជាក់ក្នុងក្រុម។ ការសន្ទនា ឬកិច្ចប្រជុំជាទៀងទាត់របស់អ្នកជាមួយក្រុមការងារធ្វើឱ្យអ្នកយល់ដឹងពីបញ្ហាប្រឈមរបស់ពួកគេ ហើយធ្វើឱ្យអ្នកប្រាកដថាអ្នកអាចណែនាំ និងផ្តល់ការគាំទ្ររបស់អ្នកដល់ពួកគេប្រកបដោយប្រសិទ្ធភាព។
អ្នកឧកញ៉ាបន្តថា ភាពជាអ្នកដឹកនាំពិតប្រាកដក៏តម្រូវឱ្យមានការប្តេជ្ញាចិត្តឥតងាករេចំពោះចក្ខុវិស័យរបស់អ្នក ទោះបីក្នុងគ្រាលំបាកក៏ដោយ។ តាមរយៈការបង្ហាញឱ្យឃើញនូវសង្គតិភាពជាមួយនឹងគោលបំណង និងការលះបង់កម្លាំងកាយចិត្ត អ្នកបង្កើតមូលដ្ឋានគ្រឹះនៃភាពជឿជាក់ និងភាពរីកចម្រើនដែលជំរុញឱ្យទទួលបានជោគជ័យយូរអង្វែង។
បើតាមបទពិសោធផ្ទាល់រយៈពេលជាង៣ទសវត្សរ៍មកនេះ អ្នកឧកញ៉ា គិត ម៉េត ថ្លែងសង្កត់ធ្ងន់ថា៖ «ខ្ញុំនៅតែរៀន ហើយខ្ញុំជឿថា ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពមិនសំដៅតែទៅលើឥរិយាបថមួយនោះទេ ប៉ុន្តែ ក៏ជាសកម្មភាពតូចៗប្រចាំថ្ងៃដូចជាការស្តាប់ ការលើកទឹកចិត្ត ការណែនាំ និងការធ្វើជាគំរូ។ តាមរយៈការដឹកនាំប្រកបដោយសង្គតិភាព យថាភាព និងការប្តេជ្ញាចិត្តឥតងាករេ នោះអ្នកបង្កើតឱ្យមានទំនុកចិត្ត អ្នកផ្តល់ធនធាន ការគាំទ្ររបស់អ្នក ដោយធ្វើឱ្យពួកគេមានម្ចាស់ការលើការងារខ្លួន និងបង្កើតមូលដ្ឋានគ្រឹះដែលធានានូវសមិទ្ធផលយូរអង្វែង»៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកអ្នកឧកញ៉ា គិត ម៉េង