Trump ព្រមានក្រុមហ៊ុនពិភពលោកថា បើមិនចង់ប្រឈមពន្ធធ្ងន់ ប្រញាប់រើទីតាំងទៅអាមេរិក

កាលពីថ្ងៃទី២៣ ខែមករា ប្រធានាធិបតី Donald Trump បានប្រាប់ទៅកាន់ម្ចាស់ក្រុមពិភពលោក ដែលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក WEF លើកទី៥៥ នៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា ពួកគេគួរតែចាប់ផ្ដើមបង្កើតរោងចក្រផលិតទំនិញរបស់ខ្លួននៅលើទឹកដីអាមេរិក ដើម្បីជៀសផុតពីផែនការទារពន្ធគយរបស់លោក និងទទួលបានអត្ថប្រយោជន៍ច្រើន។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Trump បានចូលរួមកិច្ចប្រជុំ WEF តាមរយៈអនឡាញ បន្ទាប់ពីលោកក្លាយជាប្រធានាធិបតីអាមេរិកលើកទី៤៧។

មេដឹកនាំអាមេរិករូបនេះបានមានប្រសាសន៍ថា «សាររបស់ខ្ញុំសម្រាប់ក្រុមហ៊ុនពិភពលោក គឺសាមញ្ញបំផុត អ្នកទាំងអស់គ្នាមកបង្កើតផលិតនៅអាមេរិក នឹងទទួលបានការដកហូតពន្ធតិចបំផុតលើលោក។ ប៉ុន្តែក្រុមហ៊ុនអ្នកនឹងប្រឈមការទារពន្ធខ្ពស់ បើសិនផលិតផលរបស់អ្នក ជាផលិតផលនាំចូលក្នុងទឹកដីអាមេរិក»។

លោក Trump បានស្នើទៅកាន់សភាសម្រាប់ផែនការទារពន្ធសាជីវកម្មត្រឹម ១៥% ប៉ុណ្ណោះ ពីក្រុមហ៊ុនទាំងឡាយ ដែលមានរោងចក្រផលិតនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នសភាកំពុងពិនិត្យលើសំណើមួយនេះ។

សូមជម្រាបដែរថា គ្រាន់តែចូលអង្គុយកៅអីប្រធានាធិបតីភ្លាម លោក Donald Trump ចាប់ផ្ដើមប្រកាសអនុវត្តវិធានការទារពន្ធគយ ចំពោះទំនិញនាំចូលក្នុងទឹកដីអាមេរិក តួយ៉ាងត្រៀមទារពន្ធ ២៥% ពីទំនិញកាណាដា និងម៉ិកស៊ិក ខណៈទំនិញពីចិនកំពុងពិចារណាបន្ថែមពន្ធប្រហែល ១០% ចាប់ពីថ្ងៃទី០១ ខែកុម្ភៈខាងមុខ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters