ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកកំពុងពិចារណាលើការដកហូតពន្ធគយបន្ថែមប្រហែល ១០% លើគ្រប់ទំនិញនាំចូលពីប្រទេសចិន ចាប់ពីថ្ងៃទី០១ ខែកុម្ភៈតទៅ។
ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា គម្រោងទារពន្ធបន្ថែមពីចិននេះ ត្រូវបានលើកមកពិភាក្សារវាងមេដឹកនាំអាមេរិក និងរដ្ឋបាលរបស់លោក ដោយសំអាងថា គ្រឿងញៀនហ្វេតានីល ដែលកំពុងចរាចរណ៍ពេញអាមេរិក ត្រូវបាននាំចូលពីចិនតាមរយៈប្រទេសម៉ិកស៊ិក និងកាណាដា។
ការយកពន្ធបន្ថែមរបស់អាមេរិកពីប្រទេសចិនមិនមែនជារឿងភ្ញាក់ផ្អើលឡើយ ដ្បិតលោក Donald Trump ធ្លាប់ប្រកាសក្ដែងៗពីផែនការមួយនេះ តាំងពីមិនទាន់ឡើងអង្គុយកៅអីប្រធានាធិបតីម៉្លេះ។ ប៉ុន្តែការដកហូតពន្ធគយបន្ថែមត្រឹម ១០%វាគ្រាន់បើជាងគម្រោងទារពន្ធបន្ថែម ៦០% ដែលប្រធានាធិបតីអាមេរិកទី៤៧ រូបនេះ ធ្លាប់បានប្រកាសមុនពេលស្បថចូលកាន់តំណែង។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានឆ្លើយតបការគំរាមរបស់លោក Trump ថា ចិននឹងធ្វើគ្រប់បែបយ៉ាង ដើម្បីការពារផលប្រយោជន៍ជាតិ ខណៈបានសង្កត់ធ្ងន់ថា សង្គ្រាមពាណិជ្ជកម្ម នឹងមិនមានអ្នកទទួលជ័យជម្នះឡើយ ពោលមានតែខាតបង់រៀងខ្លួនប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ Fortune