នាថ្ងៃពុធ ទី២២ ខែមករា ប្រធានធនាគារកណ្ដាលសហភាពអឺរ៉ុប លោកស្រី Christine Lagarde បានប្រាប់ទីភ្នាក់ងារព័ត៌មាន CNBC ថា EU ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ក្នុងការស្វែងរកវិធីសាស្ត្រទប់ទល់ នឹងការតំឡើងពន្ធទំនិញពីប្រធានាធិបតីអាមេរិក Donald Trump។
លោកស្រី Lagarde បាននិយាយថា លោក Trump បានបោះជំហានដ៏ឆ្លាតវៃមួយ គឺមិនប្រកាសទារពន្ធបន្ថែមទូទាំងតំបន់អឺរ៉ុប ដ្បិតការប្រកាសទារពន្ធជារួមបែបនេះ នឹងមិនផ្ដល់លទ្ធផលល្អឡើយ។ លោកស្រីអះអាងទៀតថា ប្រធានាធិបតីអាមេរិក នឹងចុចយកប្រទេសមួយចំនួននៅអឺរ៉ុបយ៉ាងប្រុងប្រយ័ត្នដើម្បីតំឡើងពន្ធទំនិញបន្ថែម។
ប្រធានធនាគារកណ្ដាលអឺរ៉ុបរូបនេះ បានប្រាប់បុគ្គលិក CNBC នៅវេទិកាពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងដាវ៉ូសថា «អ្វីដែលពួកយើងគួរធ្វើនៅអឺរ៉ុប គឺត្រូវត្រៀមខ្លួនឲ្យរួចស្រេច ក្នុងការរកវិធីសាស្ត្រទប់ទល់ ព្រោះយើងមិនដឹងថា ប្រទេសមួយណា នឹងស្ថិតក្នុងរ៉ាដារបស់អាមេរិកឡើយ»។
គួររំលឹកបន្តិចថា ប្រធានាធិបតី Donald Trump បានគំរាមដកហូតពន្ធទំនិញបន្ថែមពីសហភាពអឺរ៉ុប បន្ទាប់ពីអង្គុយកៅអីមេដឹកនាំអាមេរិកថ្ងៃដំបូង ដោយបានប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុបធ្លាប់តែធ្វើបាបអាមេរិក ដូច្នេះពួកគេនឹងស្ថិតក្នុងបញ្ជីទណ្ឌកម្មពន្ធគយរបស់លោកមិនខាន៕
អត្ថបទ៖ Luffy រូបភាព៖ Daily Sabah