ប្រធានាធិបតី Trump ប្រកាសគម្រោងវិនិយោគ AI តម្លៃ ៥០០ពាន់លានដុល្លារនៅអាមេរិក

កាលពីថ្ងៃទី២១ ខែមករា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីគម្រោងវិនិយោគខ្នាតយក្ស លើវិស័យបច្ចេកវិទ្យា AI ដែលជាការបណ្ដាក់ទុនរួមគ្នាពីក្រុមហ៊ុនចំនួន៣ សរុបទឹកប្រាក់ ៥០០ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនទាំង៣ ដែលនឹងក្លាយជាដៃគូសហការលើផែនការខ្នាតយក្សខាងលើ រួមមានក្រុមហ៊ុន OpenAI, SoftBank និង Oracle ដោយផែនការវិនិយោគរួមគ្នានោះ នឹងត្រូវដាក់ឈ្មោះថា Stargate។

គម្រោងបង្កើតក្រុមហ៊ុន Stargate ផ្ដោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅអាមេរិក ម្ចាស់ភាគហ៊ុនទាំង៣ ហ៊ានចំណាយដើមទុនដំបូង ១០០ពាន់លានដុល្លារ និងទឹកប្រាក់ ៤០០ពាន់លានដុល្លារទៀត គ្រោងចំណាយក្នុងរយៈពេល ៤ឆ្នាំជាបន្តបន្ទាប់។

ប្រធានាធិបតីអាមេរិកទី៤៧ បានបង្ហើបថា គម្រោងការណ៍ខ្នាតយក្សតម្លៃ ៥០០ពាន់លានដុល្លារនេះ នឹងលេចវត្តមានក្នុងរដ្ឋតិចសាស់ ជាមួយនឹងអគារផ្ទុកទិន្នន័យ AI ចំនួន ២០កន្លែង ដោយក្នុងមួយអគារមានទំហំប្រហែល ៤៦ ៤៥១ម៉ែត្រការ៉េ។ ផែនការមួយនេះ នឹងបង្កើតឱកាសការងារនៅសហរដ្ឋអាមេរិកច្រើនជាង ១០០ ០០០កន្លែង៕

អត្ថបទ៖ Luffy រូបភាព៖ SCMP