៤ចំណុចសមាគមឧកញ៉ាកម្ពុជា យល់ព្រមលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប៉ាគីស្ថាន

លទ្ធផលធំៗចំនួន ៤ សម្រេចបានក្នុងជំនួបពិភាក្សាស្តីពី កិច្ចសហប្រតិបត្តការពាណិជ្ជកម្ម និងវិនិយោគ រវាងសមាគមឧកញ៉ាកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃប្រទេសប៉ាគីស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំក្រុមវិនិយោគិនខ្មែរ ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោងបុរី KC  អ្នកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេងបូរិន គ្រុប ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ាច្រើនរូបទៀត ចូលរួមក្នុងជំនួបពិភាក្សាស្តីពី កិច្ចសហប្រតិបត្តការពាណិជ្ជកម្ម និងវិនិយោគ ជាមួយលោក Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ក្នុងឪកាសលោកបំពេញទស្សនកិច្ចស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងថា ជំនួបនាថ្ងៃនេះ គឺជាជំហាននៃកិច្ចចាប់ផ្តើមក្នុងការកសាងទំនាក់ទំនងជាមួយគ្នា ខណៈដែលសមាគមឧកញ៉ាកម្ពុជាមានសមាជិកសុទ្ធសឹងតែជាពាណិជ្ជករ និងវិនិយោគិនមានសក្តានុពល និងកាន់កាប់អាជីវកម្មលើពហុវិស័យ។

ទន្ទឹមជាមួយគ្នានោះ លោកអ្នកឧកញ៉ាមើលឃើញនូវឱកាស និងមានសុទិដ្ឋិនិយមខ្ពស់ដែលធុរជនក៏ដូចជាវិនិយោគិន នៃប្រទេសទាំងពីរអាចចាប់ដៃគូធុរកិច្ច និងកសាងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យអាទិភាពជាច្រើនដែលកំពុងតែមានសក្ដានុពល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក Jam Kamal Khan បានប្រាប់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អំពីមូលហេតុចម្បងនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងកម្ពុជា ក្នុងការរៀបចំឱ្យមានយន្តការលើកកម្ពស់សេដ្ឋកិច្ច និងជំរុញការផ្លាស់ប្ដូរសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរស្វែងយល់អំពីបរិយាកាសធុរកិច្ច និងវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីចាប់ឱកាសវិនិយោគក្នុងវិស័យអាទិភាពនានាក្នុងប្រទេសទាំងពីរ ខណៈដែលនៅអំឡុងខែកុម្ភៈខាងមុខនេះនឹងមានការរៀបចំពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេសប៉ាគីស្ថានដែលជាឱកាសមួយសម្រាប់វិនិយោគិនកម្ពុជាអាចចូលរួមបំពេញទស្សនកិច្ចដើម្បីស្វែងយល់ព្រមទាំងទទួលបានព័ត៌មានបន្ថែមទៀត។

លើសពីនេះ លោករដ្ឋមន្ត្រីក៏បានលើកជាគំនិតឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា និងស្ថាប័នតំណាងសហគមន៍ពាណិជ្ជកម្មណាមួយដែលស័ក្ដិសមនៅប៉ាគីស្ថាន ដើម្បីជំរុញទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសើរឡើង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្ដូរមតិយោបល់គ្នាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដោយក្នុងនោះសម្រេចបានលទ្ធផលចំនួន ៤ រួមមាន៖ ១ ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ២ ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំឱ្យមានការចុះ MoU ស្ដីពីការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសើរឡើង។ ៣ បា៉ាគីស្ថាននឹងពាំនាំផ្សព្វផ្សាយអំពីវិបុលភាព ការអភិវឌ្ឍ បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចប៉ាគីស្ថាន និងលើកទឹកចិត្តធុរជនប៉ាគីស្ថានសិក្សាស្វែងយល់ និងវិយោគនៅកម្ពុជា និង ៤ សមាគមឧកញ៉ាកម្ពុជានឹងពិនិត្យលទ្ធភាពលើការរៀបចំប្រតិភូចូលរួមពិព័រណ៍ ក៏ដូចជា បំពេញទស្សនកិច្ចធុរកិច្ច នៅប៉ាគីស្ថាននាពេលខាងមុខ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសមាគមឧកញ៉ាកម្ពុជា