នៅថ្ងៃចន្ទ ទី២០ ខែមករា សភាអាមេរិកបានប្រកាសទទួលស្គាល់លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសផ្លូវការ សម្រាប់រដ្ឋបាលប្រធានាធិបតីអាមេរិកទី៤៧ លោក Donald Trump។


តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Rubio ទទួលបានសម្លេងគាំទ្រក្នុងសភារហូតដល់ ៩៩ ទល់នឹង០ ដើម្បីឡើងកាន់តំណែងថ្មីមួយនេះ។
ទន្ទឹមនឹងនោះ សមាជិកបក្សសាធារណៈរដ្ឋរូបនេះ គឺជាបេក្ខភាពគណៈរដ្ឋមន្ត្រីជ្រើសរើសដោយលោក Trump ដំបូង ដែលទទួលបានការយល់ព្រមពីសភាអាមេរិក ក្នុងតួនាទីសំខាន់ៗក្នុងរដ្ឋបាលលោក Trump ខណៈបេក្ខភាពផ្សេងទៀតកំពុងរង់ចាំការយល់ព្រមសភាអាមេរិកនៅឡើយ។
លោក Marco Rubio វ័យ ៥៣ឆ្នាំ គឺជាអ្នករិះគន់ប្រឆាំងចិន និងគាំទ្រអ៊ីស្រាអែលផ្កាប់មុខ ហើយអំឡុងពេលរង់ចាំការសម្រេចពីសភា លោកបានព្រមានអាមេរិកថា ត្រូវតែមានការផ្លាស់ប្ដូរ ដើម្បីជៀសវៀងការពឹងផ្អែកលើប្រទេសចិន និងសន្យាពង្រឹងគោលនយោបាយការបរទេសអាមេរិក ឲ្យកាន់តែខ្លាំងជាងមុន ជាពិសេសផ្ដោតសំខាន់លើការនាំយកផលប្រយោជន៍ច្រើនជាងមុន សម្រាប់ប្រជាជនអាមេរិកទាំងមូល៕
អត្ថបទ៖ Luffy រូបភាព៖ The Hindu