នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump បានប្រកាសស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកលើកទី៤៧ និងជាការដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកអាណត្តិទី២ ក្នុងមួយឆាកជីវិតរបស់ខ្លួន។


ក្រោមក្រសែភ្នែករាប់ម៉ឺនគូ លោក Trump បានសច្ចាចំពោះមុខអ្នកគាំទ្រថា លោកនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យអាមេរិកកាន់តែមានភាពរីកចម្រើនជាងមុនកាន់តែខ្លាំង និងបម្រើការងារឲ្យបានល្អបំផុតដើម្បីរក្សាការពារ ថែរក្សារដ្ឋធម្មនុញ្ញរបស់អាមេរិក។
លោក Trump គឺជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូប មុនពេលប្រឡូកក្នុងឆាកនយោបាយ ពោលក្រុមហ៊ុន Trump Organization របស់លោកមានតម្លៃខ្ទង់រាប់រយពាន់លានដុល្លារ រកស៊ីនៅក្នុងពហុវិស័យ។ លោកក៏ជាមហាសេដ្ឋីមានបំផុតនៅអាមេរិកមួយរូបផងដែរ ដោយមានទ្រព្យសម្បត្តិប្រហែល ៧ពាន់លានដុល្លារ។ នេះបើតាមការបង្ហាញពីគេហទំព័រ Forbes។
លោក Donald Trump បានកើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ក្នុងគ្រួសារមានទ្រព្យសម្បត្តិហូរហៀរស្រាប់ និងមានឪពុកឈ្មោះ Fred Trump ជាអ្នកជំនួញដ៏ខ្លាំងមួយរូប និងម្ដាយឈ្មោះ Mary Anne MacLeod Trump។ លោក Trump មានបងប្អូនបង្កើតចំនួន ៥នាក់ ដោយរូបលោកជាកូនទី០៤។

បន្ទាប់ពីបញ្ចប់ការរៀនសូត្រសព្វគ្រប់ នៅក្នុងឆ្នាំ១៩៦៨ លោកបានជួយមើលការខុសត្រូវជំនួញឪពុក ក្នុងអាជីវកម្មអចលនទ្រព្យ គឺក្រុមហ៊ុន Trump Organization នេះតែម្ដង។ លុះដល់ឆ្នាំ១៩៧១ ឪពុករបស់លោកបានផ្ដល់ការទុកចិត្ត តែងតាំងជាប្រធានក្រុមហ៊ុន ហើយវាក៏ជាចំណុចចាប់ផ្ដើមនៃការប្រឡូកចូលក្នុងវិស័យសហគ្រិនភាពរបស់លោក Trump ផងដែរ។
លោក Trump បានពង្រីកអាជីវកម្មបែបគ្រួសារទៅច្រើនវិស័យ ជាពិសេសវិស័យសណ្ឋាគារ កាស៊ីណូ និងក្លិបកម្សាន្ត។ ជំនួញអស់ទាំងនេះហើយ បានប្រមូលលុយរាប់ពាន់លានដុល្លារ ចូលក្នុងកុងធនាគារលោក Trump និងបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីរន្ទឺក្នុងពិភពជំនួញនៅអាមេរិក។
ប្រឡូកក្នុងវិស័យជំនួញយូរឆ្នាំពេក បានធ្វើឲ្យលោក Trump សម្លឹងឃើញនូវក្ដីស្រមៃមួយទៀត នោះគឺការក្លាយជាអ្នកដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោក។ លោក Trump បានប្រកាសឈរឈ្មោះជាបេក្ខភាពឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកដំបូង កាលពីឆ្នាំ២០១៦ និងទទួលបានជ័យជម្នះនាពេលនោះ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកលើកដំបូង ហើយបានប្រកាសយកប្រាក់បៀវត្សន៍ប្រចាំឆ្នាំត្រឹម ១ដុល្លារប៉ុណ្ណោះ។
ក្រោមការដឹកនាំរបស់លោក Trump និងការអនុវត្តគោលនយោបាយបន្តពីលោក Barack Obama សេដ្ឋកិច្ចរបស់អាមេរិកមានសន្ទុះយ៉ាងខ្លាំង នៅក្នុងអាណត្តិរយៈពេល ៤ឆ្នាំ ដែលលោក Trump បានដឹកនាំប្រទេស។
ជាមួយការវិលត្រឡប់មកវិញលើកនេះ លោក Trump បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលវិលចូលសេតវិមានវិញ បន្ទាប់ពីអាក់ខានដឹកនាំប្រទេសមួយអាណត្តិ និងជាប្រធានាធិបតីមានវ័យចំណាស់បំផុតផងដែរ ពោលគឺលោកមានវ័យ ៧៨ឆ្នាំ ពេលស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters/ Standaard