នាយក​រដ្ឋមន្ត្រី​កម្ពុជា អំពាវនាវដល់ធនាគារ ផ្តល់កម្ចីអត្រាការប្រាក់សមរម្យ ដើម្បីជួយវិស័យកសិកម្ម

នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ដល់គ្រឹះ​ស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ឯកជន ផ្តល់​ឥណទាន​ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ ដល់​វិស័យ​កសិកម្ម ដើម្បី​ជួយ​កសិករ​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

ក្នុង​ឱកាស​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​សម្ពោធ​សមិទ្ធផល​នៅ​មជ្ឈមណ្ឌល​អតីត​យុទ្ធជន​ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ ២០ ខែ​មករា ឆ្នាំ ២០២៥ នេះ លោក​បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ឯកជន​ទាំងអស់ ផ្ដល់​ឥណទាន​ដល់​វិស័យ​កសិកម្ម​ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​រោងម៉ាស៊ីន​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ។

នាយករដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ដំណាក់​កាល​នេះ​លោក​​បាន​ផ្ដល់​យោបល់​ជូន អគ្គទេសា​ភិបាល​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​ជាមួយ​ធនាគារ​ឯកជន ពិនិត្យ​នៅ​ក្នុង​ការ​ជួយ​ផ្ដល់​ឥណទាន​ទៅ​ដល់​វិស័យ​កសិកម្ម ដើម្បី​ជួយ​ដល់​កសិករ​ខ្មែរ។ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹម​ថា ធនាគារ​ឯកជន នឹង​ចូលរួម​ជាមួយ​រដ្ឋ ដើម្បី​ចូលរួម​ជួយ​សម្រាល​ទាំងអស់​គ្នា ក្នុង​ការ​ជួយ​ដល់​កសិករ ក៏ដូចជាជួយដល់សេដ្ឋកិច្ច ក្នុងពេលលំបាក។

ដើម្បី​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា និង​រក្សា​លំនឹង​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ រាជរដ្ឋាភិបាល បាន​សម្រេច​ទម្លាក់​ថវិកា ៣០ លាន​ដុល្លារ ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចាប់ពី​ខែ​មករា ដល់​ខែ​មីនា ដើម្បី​ផ្ដល់​ជា​ទុន​បង្វិល​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ជួយ​ប្រមូល​ទិញ​ផល​ស្រូវ​ពី​កសិករ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia