TikTok អាចដំណើរការបានវិញ ក្រោមការជ្រោមជ្រែងពីលោក Trump

បន្ទាប់ពីបិទប្រព័ន្ធដំណើរការនៅអាមេរិកបានប៉ុន្មានម៉ោង កម្មវិធី TikTok របស់ចិនអាចដំណើរបានវិញជាធម្មតាកាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា បន្ទាប់ពីលោក Donald Trump ប្រកាសថា លោកនឹងចេញបទបញ្ជាឲ្យបើកប្រព័ន្ធដំណើរការរបស់កម្មវិធីមួយនេះវិញភ្លាម ពេលឡើងកាន់តំណែងនៅថ្ងៃចន្ទ ទី២០ ខែមករា។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា ជាថ្នូរនឹងការបើកឲ្យដំណើរការ ក៏ដូចជាមានផែនការពន្យារពេលឲ្យ TikTok រហូតដល់ ៩០ថ្ងៃ ដើម្បីស្វែងរកអ្នកទិញកម្មវិធី លោក Trump ចង់ឲ្យកម្មវិធីចិននេះលក់ភាគហ៊ុនយ៉ាងតិច ៥០% សម្រាប់ក្រុមហ៊ុនអាមេរិក។

ការលើកឡើងរបស់លោក Trump ហាក់ដូចជាការផ្ដល់ភ្លើងខៀវ ដល់ក្រុមហ៊ុន TikTok ពោលកាលពីសប្ដាហ៍មុន មានដំណឹងចចាមអារ៉ាមថា រដ្ឋាភិបាលចិនមានបំណងលក់ក្រុមហ៊ុននេះ ឲ្យមហាសេដ្ឋីមានបំផុតលើលោក Elon Musk ដែលជាមនុស្សជំនិតម្នាក់របស់អនាគតមេដឹកនាំអាមេរិក។

ក្រុមហ៊ុន TikTok ក៏បានចេញមុខថ្លែងអំណរគុណដល់លោក Trump ជាសាធារណៈ ដោយបានសរសេរសារបង្ហោះលើបណ្ដាញសង្គមថា «ពួកយើងពិតជាអរគុណដល់ទឹកចិត្តលោក Trump ដែលជួយសម្រួល ដល់ការបើកដំណើរការកម្មវិធីវិញ។ TikTok អាចប្រើប្រាស់បានវិញ គឺបានជួយដល់ប្រជាជនអាមេរិកជាច្រើន ពោលគឺមានអ្នកប្រើប្រាស់ច្រើនជាង ១៧០លាននាក់ និងមានអាជីវកម្មខ្នាតតូចច្រើនជាង ៧លានកន្លែង ដែលរកស៊ីនៅលើផ្លេតហ្វមមួយនេះ»៕

អត្ថបទ៖ Luffy រូបភាព៖ Dronner