ប្រើពេលមួយឆ្នាំកន្លះ ទម្រាំ LVMH ដណ្ដើមបានងារជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅអឺរ៉ុប

គិតត្រឹមថ្ងៃទី១៧ ខែមករា ក្រុមហ៊ុន LVMH របស់មហាសេដ្ឋីបារាំង Bernard Arnault បានដណ្ដើមតំណែង ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតប្រចាំសហភាពអឺរ៉ុប បន្ទាប់ពីរបូតងារមួយនេះអស់រយៈពេលមួយឆ្នាំកន្លះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា LVMH ទទួលបានម្កុដសារជាថ្មី បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនផលិតឱសថហូឡង់ Novo Nordisk មានការធ្លាក់ចុះប្រហែល ៤% នៅថ្ងៃសុក្រ ទី១៧ ខែមករា។

មូលធនទីផ្សាររបស់ក្រុមហ៊ុនហូឡង់ បានធ្លាក់នៅត្រឹម ៣៥៥ពាន់លានដុល្លារ ជាប់លេខរៀងទី២ ខណៈក្រុមហ៊ុន LVMH របស់មហាសេដ្ឋីបារាំងមានតម្លៃ ៣៥៧ពាន់លានដុល្លារ ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើទីផ្សារតំបន់អឺរ៉ុប។

គួរជម្រាបដែរថា បើទោះជាបច្ចុប្បន្នក្រុមហ៊ុន LVMH កំពុងគ្រងតំណែងជាកំពូលក្រុមហ៊ុននៅអឺរ៉ុបក្ដី ក៏ប៉ុន្តែកៅអីមួយនេះកំពុងរង្គោះរង្គើ ដ្បិតស្ថានភាពទីផ្សាររបស់ LVMH នៅចិន ដែលជាប្រភពចំណូលដ៏ធំរបស់ខ្លួន ហាក់មិនមានភាពវិជ្ជមានសោះឡើយ ពោលអត្រាលក់របស់ក្រុមហ៊ុនបារាំង នៅប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក មានការធ្លាក់ចុះខ្លាំងប៉ុន្មានឆ្នាំចុងក្រោយ៕

អត្ថបទ៖ Luffy រូបភាព៖ WWD