លោក Donald Trump នឹងត្រូវស្បថចូលកាន់អំណាចជាប្រធានាធិបតីអាមេរិក នាថ្ងៃចន្ទ ទី២០ ខែមករាខាងមុខ ក្រោមការចូលរួមពីឥស្សរជនកំពូលៗជាច្រើននាក់ ក៏ប៉ុន្តែអតីតប្រធានាធិបតីចំនួន ៣រូប បានច្រានចោលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ ជាមួយលោក Trump ក្រោយចប់ពិធីតែងតាំង។
ទីភ្នាក់ងារព័ត៌មាន NBC បានចុះផ្សាយនាថ្ងៃទី១៦ ខែមករាថា អតីតប្រធានាធិបតី៣រូបនោះគឺ លោក Barack Obama លោក Bill Clinton និងលោក George W. Bush ក៏ប៉ុន្តែអតីតមេដឹកនាំអាមេរិកទាំង ៣រូបនេះ នឹងនៅតែចូលរួមសាទរពិធីស្បថចូលកាន់តំណែងរបស់លោក Trump នាព្រឹកថ្ងៃទី២០ ខែមករាដដែល។


មូលហេតុដែលអតីតប្រធានាធិបតីទាំង ៣រូប មិនចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Trump អាចមកពីហេតុផលផ្ទាល់ខ្លួន ដ្បិតកន្លងមកអតីតមេដឹកនាំទាំងនោះ មិនដែលគាំទ្រ Donald Trump ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកឡើយ។
គួររំលឹកបន្តិចថា ការពិសាអាហារថ្ងៃត្រង់ក្រោយចប់ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី គឺជាកិច្ចបញ្ចប់នៃកម្មវិធី ដែលត្រូវបានចាត់ទុកជាទំនៀមទម្លាប់កើតមានតាំងពីឆ្នាំ១៩៥៣ ធ្វើឡើងដើម្បីស្វាគមន៍វត្តមានមេដឹកនាំអាមេរិក និងអនុប្រធានាធិបតីថ្មី ក៏ដូចជាភ្ញៀវកិត្តិយសរបស់ពួកគេ ក្រោមវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ ដូចជាអតីតប្រធានាធិបតី និងអ្នកនយោបាយមានមុខមាត់ច្រើនរូប៕
អត្ថបទ៖ Luffy រូបភាព៖ NBC