Apple របូតម្កុដជាស្ដេចត្រាញ់លក់ស្មាតហ្វូនច្រើនបំផុតនៅប្រទេសចិន

របាយការណ៍លក់ទូរស័ព្ទស្មាតហ្វូនប្រចាំឆ្នាំ២០២៤ បានបង្ហាញថា ក្រុមហ៊ុន Apple បានបាត់បង់តំណែងជាអ្នកលក់ទូរស័ព្ទបានច្រើនបំផុត ក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនខ្នាតយក្សអាមេរិក បានធ្លាក់មកដល់លេខរៀងទី៣ ជាអ្នកលក់ស្មាតហ្វូនច្រើនបំផុតនៅចិន បន្ទាប់ពីមានទិន្នន័យលក់តិចជាងក្រុមហ៊ុនក្នុងស្រុកចំនួន ២ គឺ Vivo និង Huawei។

តាមរបាយការណ៍បញ្ចេញដោយក្រុមហ៊ុនស្រាវជ្រាវ Canalys បានឲ្យដឹងថា រយៈពេលមួយឆ្នាំពេញ ក្នុងឆ្នាំ២០២៤ ការលក់ទូរស័ព្ទ iPhone នៅប្រទេសចិនបានថយចុះ ១៧% និងត្រូវបានចាត់ទុកថា ជាការលក់អាក្រក់បំផុតរបស់ក្រុមហ៊ុន Apple ចាប់តាំងពីបោះជើងចូលទីផ្សារស្រុកចិន។

មូលហេតុដែលធ្វើឲ្យ Apple បាត់បង់ម្កុដជាកំពូលអ្នកលក់ស្មាតហ្វូននៅចិន គឺដោយសារសន្ទុះគាំទ្ររបស់ប្រជាជន ចំពោះផលិតផលក្នុងស្រុកដូចជា Huawei និង Vivo កត្តាបច្ចេកវិទ្យាដែលក្រុមហ៊ុនអាមេរិកផ្ដល់ឲ្យនៅមានកម្រិត គួបផ្សំជាមួយកត្តាតម្លៃ ដែលថ្លៃជាងផលិតផលក្នុងស្រុកខ្លាំងពេក ទើបធ្វើឲ្យទិន្នន័យលក់របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិក មានការដាំក្បាលចុះនឹកស្មានមិនដល់៕

អត្ថបទ៖ Luffy រូបភាព៖ AOL