ប្រធានាធិបតី Yoon Suk Yeol ច្រានចោលការសួរចម្លើយ ក្រោមហេតុផលបញ្ហាសុខភាព

បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ទី១៥ ខែមករា និងត្រូវបានក្រុមអ្នកស៊ើបអង្កេតសួរចម្លើយអស់រយៈពេលច្រើនម៉ោង តែមិនបានផល ប្រធានាធិបតី Yoon Suk Yeol បានច្រានចោលការសួរចម្លើយថ្មី នៅថ្ងៃទី១៦ ខែមករានេះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Yonhap បានចុះផ្សាយថា ក្រុមអ្នកស៊ើបអង្កេតពីការិយាល័យស៊ើបអង្កេតប្រឆាំងអំពើពុករលួយ បានណាត់សួរចម្លើយលោក Yoon នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា វេលាម៉ោង ២ថ្ងៃត្រង់ ក៏ប៉ុន្តែមេធាវីរបស់លោកបញ្ជាក់ថា កូនក្ដីរបស់ខ្លួនមិនអាចបង្ហាញវត្តមានឡើយ ដោយសារបញ្ហាសុខភាព។

មេធាវីលោក Yoon បាននិយាយថា ប្រធានាធិបតីមានបញ្ហាសុខភាពមិនអាចស៊ូទ្រាំ នឹងការសួរចម្លើយបាន ហើយម្យ៉ាងទៀតលោកបានឆ្លើយប្រាប់សព្វគ្រប់ហើយ អំឡុងពេលសួរចម្លើយកាលពីម្សិលមិញ។ ដូច្នេះវាគ្មានហេតុផលអី ដែលចាំបាច់ឲ្យលោក Yoon បង្ហាញខ្លួនម្ដងទៀតទេ ដរាបណាក្រុមអ្នកស៊ើបអង្កេតមានមូលហេតុច្បាស់លាស់ ទើបលោកយល់ព្រមចូលសួរចម្លើយ។

គួររំលឹកបន្តិចថា កាលពីថ្ងៃពុធ ទី១៥ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានក្រុមអ្នកស៊ើបអង្កេត ដែលមានមន្ត្រីប៉ូលិសជាង ៣ ០០០នាក់ចាប់ខ្លួន ក្រោមការចោទប្រកាន់ទាក់ទងនឹងចេតនាបះបោរ ពាក់ព័ន្ធការចេញច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ។

ក្រុមអ្នកស៊ើបអង្កេតមានរយៈពេល ៤៨ម៉ោង ដើម្បីឃុំខ្លួន និងសួរចម្លើយប្រធានាធិបតីព្យួរតំណែងរូបនេះ ខណៈបច្ចុប្បន្នពួកគេកំពុងស្វែងរកដីកាចាប់ខ្លួនថ្មី ដើម្បីឃុំខ្លួនលោក Yoon ឲ្យយូរជាងនេះ៕

អត្ថបទ៖ Luffy រូបភាព៖ SCMP