មួយរយៈនេះមហាជនសង្កេតឃើញថា អ្នកលក់អនឡាញធំៗប្រជែងគ្នាទិញរថយន្តស៊េរីទំនើប តម្លៃពាក់កណ្ដាលលានដុល្លារឡើងទៅ។ ថ្មីៗនេះអ្នកជំនួញអនឡាញម្នាក់ទៀតហើយ ដែលគេស្គាល់ថាជាប្អូនស្រីសេដ្ឋីនីប្រចាំពិភពជំនួញអនឡាញ ឡុង ម៉ានីន ទិញឡានស៊េរីទំនើប Ferrari 458 តម្លៃខ្ទង់ជាង ៦០ ម៉ឺនដុល្លារ។
អ្នកនាង ឡុង ម៉ានិច្ច ទើបទទួលបានរថយន្ត Ferrari 458 Speciale Aperta ឆ្នាំ ២០១៥ ដែលតម្លៃខ្ពស់កកពពក។ តម្លៃរថយន្ត Ferrari 458 Speciale Aperta ឆ្នាំ ២០២៥ ពណ៌លឿងអាចប្រែប្រួលអាស្រ័យលើស្ថានភាពរថយន្ត និងកន្លែងលក់ ហើយជាក់ស្ដែងតម្លៃចេញពីរោងចក្រខ្ទង់ ៦៩៣ ៧២១ ដុល្លារទៅហើយ។
ឆ្នាំថ្មីភ្លាមថៅកែឡេ ឡុង ម៉ានិច្ច បានឲ្យកាដូខ្លួនឯងជាទីគាប់ចិត្តតែម្ដង។ គ្រាន់តែ Ferrari 458 Speciale Aperta ដឹកមកដល់ផ្ទះភ្លាមប្អូនស្រី ម៉ានីន បានបង្ហាញរូបភាពយ៉ាងត្រជាក់ភ្នែក នៃរថយន្តដ៏ថ្មីសន្លាងនេះភ្លែត។ ឡុង ម៉ានិច្ច បានយក Ferrari 458 ពណ៌លឿង ចតនៅពីមុខវីឡាស្កឹមស្កៃ ដោយមានបងស្រី គឺអ្នកនាង ឡុង ម៉ានីន និងគូស្នេហ៍ ភិទិ មកចូលរួមអបអរ។
ម្ចាស់ផលិតផលថែរក្សាសម្រស់វ័យក្មេង ពូកែក្នុងមុខជំនួញអនឡាញ ឡុង ម៉ានិច្ច ក៏ទើបរើចូលទៅនៅក្នុងវីឡាដ៏ធំកាលពីអំឡុងខែ ១១ ឆ្នាំ ២០២៤ កន្លងទៅដែរ។
ឡុង ម៉ានិច្ច ក៏ជាសេដ្ឋីនីដូចបងស្រីដែរ ដោយជំនួញអនឡាញនាងជោគជ័យខ្លាំងទាំងវ័យក្មេង ហើយរសនិយមក្នុងការប្រើប្រាស់សម្ភារៈផ្សេងៗក៏លំដាប់ហាយសូដែរ។ ថ្មីៗនេះ ឡុង ម៉ានិច្ច និង បងស្រីនាំគ្នាទៅដើរលេងក្រៅប្រទេស និងទិញរបស់ប្រេនៗមកវិញយួរពេញដៃ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Long Manin