លោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ តាមការអញ្ជើញពីនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh។
ទីភ្នាក់ងារព័ត៌មានវៀតណាម VNExpress បានចុះផ្សាយថា គណៈប្រតិភូរុស្ស៊ីត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ពីដោយរដ្ឋមន្ត្រីប្រធានការិយាល័យរដ្ឋាភិបាល លោក Tran Van Son អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី Dang Minh Khoi និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម Bezdetko Gennady Stepanovich នៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រី Mishustin ទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី និងរៀបចំសកម្មភាពសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំនេះ។
ដំណើរទស្សនកិច្ចមួយនេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសទាំង២ ផ្ដល់តម្លៃខ្ពស់លើមិត្តភាពប្រពៃណីរបស់ពួកគេ និងប្តេជ្ញាពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រុស្ស៊ីបានអះអាងថា វៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាអាទិភាពសំខាន់ក្នុងគោលនយោបាយ “មើលទៅខាងកើត” ខណៈពេលដែលវៀតណាមបានចាត់ទុករុស្ស៊ី ជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
ការបំពេញទស្សនកិច្ចសារនេះ បានផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំវៀតណាម និងរុស្ស៊ីពិភាក្សា ដើម្បីឈានដល់ការឯកភាពគ្នាលើបញ្ហាសំខាន់ៗ ជាពិសេសការគូសបញ្ជាក់អំពីទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ព្រមទាំងកំណត់យ៉ាងច្បាស់នូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រាប់ចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ វប្បធម៌ និងការការពារ-សន្តិសុខ។
ភាគីទាំងសងខាង ក៏នឹងពិភាក្សាលើការស្វែងរកដំណោះស្រាយ ចំពោះឧបសគ្គនានា ដែលអាចបង្កការរាំងស្ទះ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងវឌ្ឍនភាពលើគម្រោងសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យថាមពល ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress