តារាជួរមុខសិង្ហបុរីប្រកាសបិទភោជនីយដ្ឋានបែបចិន ក្រោយរកស៊ីខាតឡុងចុងជាង ៧សែនដុល្លារ

តារាសម្ដែងដ៏ល្បីឈ្មោះជនជាតិសិង្ហបុរី Ben Yeo បានប្រកាសបិទភោជនីយដ្ឋានបែបចិន Tan Xiang Yuan នៅក្នុងទីក្រុងសាំងហ្គាពួរ បន្ទាប់ពីអាជីវកម្មមួយនេះរកស៊ីខាតឡុងចុង ៣,៣លានរីងហ្គីត ឬប្រហែល ៧៣២ ៣៥៧ដុល្លារ។

តាមដានជាមួយយើង៖ Million Times

តាមការចុះផ្សាយពីសារព័ត៌មាន The Star បានឲ្យដឹងថា ភោជនីយដ្ឋាន Tan Xiang Yuan ដែលបានបើកដំណើរការដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នឹងត្រូវបិទទ្វារទៅវិញនាខែកុម្ភៈខាងមុខ។

លោក Yeo បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា «នៅក្នុងការរកស៊ី បើអ្នកមិនទទួលបានប្រាក់ចំណេញ គឺអ្នកមានតែខាតប៉ុណ្ណោះ។ ដូច្នេះហើយ បើសិនជាអាជីវកម្មមួយមិនអាចរកប្រាក់ចំណេញបាន អ្នកចាំបាច់បញ្ឈប់វាភ្លាមៗ ដើម្បីបង្ការការខាតបង់កាន់តែខ្លាំងជាងមុន»។

គួររំលឹកបន្តិចថា ភោជនីយដ្ឋាន Tan Xiang Yuan បានបង្កើតឡើងក្រោមការរកស៊ីចូលហ៊ុនរវាងតារាសម្ដែង Ben Yeo និងចុងភៅល្បីឈ្មោះ Cao Yong រួមទាំងដៃគូរកស៊ីមួយចំនួនទៀត។ ភោជនីយដ្ឋានដែលចាយលុយ ២,៦លានរីងហ្គីត ក្នុងការតុបតែងហាង មានជំនាញលើអាហារបែបគ្រឿងសមុទ្រ និងទាខ្វៃប៉េកាំង។

លោក Ben Yeo បានបង្ហើបឲ្យដឹងថា ទោះជាភោជនីយដ្ឋានបែបចិននេះបិទទ្វារមែន តែលោកនឹងព្យាយាមជួយដល់បុគ្គលិក ដោយផ្ដល់ការងារឲ្យពួកគេធ្វើនៅក្នុងអាជីវកម្មផ្សេងៗទៀតរបស់លោក បើសិនជាពួកគេមិនអាចរកបានការងារថ្មីបាន៕

អត្ថបទ៖ Luffy រូបភាព៖ Instagram