ក្នុងនាមអ្នកជំនាញលើវិស័យអប់រំ និងសុខភាពសាធារណៈ អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងថា នៅលើលោកនេះ គ្មានអ្វីអស្ចារ្យជាងការផ្ដល់ចំណេះដឹងដល់កូនទេ ហេតុនេះហើយ លោកបានផ្តាំទៅឪពុកម្តាយ ត្រូវផ្តល់ឱកាសដល់កូនទទួលបានការអប់រំកុំបីខាន។
ទន្ទឹមជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានលើកយកសុភាសិតខ្មែរមកជាតឹងតាងថា «ចំណេះជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបានមិនមានល្អៀង ប្រើច្រើនកើតច្រើនចម្រើនទៀង ពីបច្ចុប្បន្នរៀងទៅអនាគត»។ បើតាមអ្នកឧកញ៉ាក៏បានចាត់ទុកថា ការអប់រំ គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យជាទីបំផុត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ កាលពីឆ្នាំ២០២៤ អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងផ្ដាំទៅលោកឪពុកអ្នកម្ដាយ ក៏ដូចជាអាណាព្យាបាលថា ការអប់រំ គឺជាសម្បត្តិទ្រព្យ ដែលយើងផ្ដល់ឲ្យដ៏ល្អអស្ចារ្យដល់កូនៗពោល គឺលើលោកនេះ គ្មានអ្វីអស្ចារ្យជាងការផ្ដល់ចំណេះដឹងដល់កូនទេ។ ដូច្នេះ សូមលោកឪពុកអ្នកម្ដាយមេត្តាលើកទឹកចិត្ត និងជំរុញកូនៗ ឲ្យទៅសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២ ហើយបើអាចបន្តការសិក្សាដល់មហាវិទ្យាល័យ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកហ្វេសប៊ុកអ្នកឧកញ៉ា គួច ម៉េងលី