ធនាគារកណ្ដាលចិនសម្រុកទិញមាសទុក ទោះតម្លៃកើនឡើងខ្លាំង

ធនាគារកណ្ដាលចិន បានបង្កើនទុនបម្រុងមាសរបស់ខ្លួនកាន់តែច្រើនជាងមុនថែមទៀត កាលពីខែធ្នូ ឆ្នាំ២០២៤ បើទោះជាតម្លៃមាសមានការកើនឡើងសឹងតែរាល់ថ្ងៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី០៧ ខែមករា។

តាមដានជាមួយយើង៖ Million Times

ដុំមាសដែលកំពុងមាននៅក្នុងឃ្លាំងធនាគារកណ្ដាលចិន បានកើនឡើងដល់ ៧៣,២៩លានត្រយអោន កាលពីខែធ្នូ កើនពី ៧២,៩៦លានត្រយអោនកាលពីខែវិច្ឆិកា។ (១ត្រយអោន= ៣១,១ក្រាម)

សារព័ត៌មាន Bloomberg បានអះអាងទៀតថា ធនាគារកណ្ដាលចិន ទើបចាប់ផ្ដើមសម្រុកទិញមាសរយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២៤ប៉ុណ្ណោះ បន្ទាប់ពីពួកគេបានផ្អាកអស់រយៈពេល ៦ខែ ដើម្បីតាមដានមើលពីស្ថានភាពទីផ្សារមាស ដែលកំពុងមានសន្ទុះតម្លៃយ៉ាងខ្លាំង។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិ មានតម្លៃ ២ ៦៦២,៨ដុល្លារក្នុងមួយត្រយអោន ខណៈធនាគារកំពូលអាមេរិក Goldman Sachs Group Inc ព្យាករថា វានឹងឈានដល់ចំណុចកំពូលថ្មី ៣ ០០០ដុល្លារក្នុងមួយត្រយអោន នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥៕

អត្ថបទ៖ Luffy រូបភាព៖ Mint