មនុស្ស ២នាក់​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ឧបករណ៍​ចុះចត​របស់​យន្តហោះ JetBlue

មនុស្ស២នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ឧបករណ៍ចុះចតនៃយន្តហោះ JetBlue ក្នុងរដ្ឋផ្លរីដា អំឡុងពេលត្រួតពិនិត្យជាប្រចាំបន្ទាប់ពីហោះហើរ។

សារព័ត៌មាន NBC News ដកស្រង់ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍កាលពីព្រឹកថ្ងៃអង្គាររបស់ក្រុមហ៊ុន បាននិយាយថា “គួរឱ្យសោកស្ដាយណាស់ បុគ្គលទាំងពីរបានស្លាប់។ នៅពេលនេះ អត្តសញ្ញាណរបស់បុគ្គល និងរបៀបដែលពួកគេចូលទៅកាន់យន្តហោះនៅតែស្ថិតក្រោមការស៊ើបអង្កេត” ។

សេចក្តីថ្លែងការណ៍បន្ថែមថា “នេះគឺជាស្ថានភាពដ៏គួរឱ្យសោកស្ដាយមួយ ហើយយើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីដឹងពីរបៀបដែលវាកើតឡើង”។

ក្រុមហ៊ុន JetBlue បាននិយាយថា យន្តហោះបានហោះហើរនាពេលថ្មីៗនេះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ពីអាកាសយានដ្ឋាន New York JFK ជាមួយនឹងជើងហោះហើរលេខ ១៨០១។ ក្រុមហ៊ុននិយាយថា មិន​មាន​ព័ត៌មាន​លម្អិត​អំពី​អ្នក​ស្លាប់​ទាំង​ពីរ​នាក់ ឬ​របៀប​ដែល​ពួក​គេ​អាច​ចូល​ទៅ​កាន់​យន្តហោះ​នោះ​ទេ គិតត្រឹមថ្ងៃទី៧ ខែមករានេះ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ JetBlue