រយៈពេលជាង១៦ខែកន្លងមកនេះ សម្តេច ហ៊ុន សែន បានវាយតម្លៃថា សម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ជាពិសេសការរក្សាបាននូវស្ថេរភាព និងសន្តិភាពសម្រាប់ប្រទេស និងប្រជាជន។
ថ្លែងចេញពីពិធីមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអង្គារ សម្តេចនហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា៖ «ការដឹកនាំរបស់អ្នកបន្តវេន គឺពិតជាមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន។ ពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មិនគួរប្រើទៀតទេ គួរប្រើថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍»។
សម្ដេចបានសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវ ឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បី បង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។
សម្ដេចមានប្រសាសន៍ថា ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ