នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានផ្ញើលិខិតមួយទៅកាន់អ្នកគាំទ្ររបស់លោក ដោយប្រាប់ពួកគេថា លោកនឹងតស៊ូរហូតដល់ទីបញ្ចប់ជាមួយគ្នា។


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សេចក្ដីប្ដេជ្ញាចិត្តរបស់លោក Yoon បានកើតឡើង បន្ទាប់ពីអាជ្ញាធរមានគម្រោងឃាត់ខ្លួនលោក ដើម្បីសួរចម្លើយទាក់ទងនឹងការចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីដើមខែមុន។
នៅក្នុងសំបុត្រដែលសរសេរទៅកាន់អ្នកគាំទ្រ លោក Yoon បាននិយាយថា «ខ្ញុំតែងតែតាមដានរាល់ការផ្សាយបន្តផ្ទាល់របស់គ្រប់គ្នា នៅលើ YouTube ហើយខ្ញុំប្ដេជ្ញាថា នឹងតស៊ូរហូតដល់ទីបញ្ចប់ ដើម្បីការពារប្រទេសមួយនេះជាមួយអ្នករាល់គ្នា»។

ទន្ទឹមនឹងនោះ គណបក្សប្រឆាំង ដែលមានសម្លេងគាំទ្រភាគច្រើននៅសភាបានអះអាងថា ការប្ដេជ្ញាចិត្តរបស់លោក Yoon គឺជាសកម្មភាពវង្វេងវង្វាន់ ហើយនៅតែចង់បំពេញការបះបោររបស់លោកឲ្យចប់សព្វគ្រប់។
គួររំលឹកបន្តិចថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តុលាការបានអនុម័តលើសំណើចាប់ខ្លួនលោក Yoon Suk Yeol ជុំវិញបទចោទប្រកាន់ថា លោកគឺជាមេខ្លោងនៃការបះបោរ តាមរយៈការចេញច្បាប់អាជ្ញាសឹក។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នារួមមានប៉ូលីស និងព្រះរាជអាជ្ញា មានពេលរហូតដល់ថ្ងៃទី ០៦ ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួន៕
អត្ថបទ៖ Luffy រូបភាព៖ AFP