មុនចូលឆ្នាំថ្មី លោក Xi Jinping ថា ពិភពលោក​​បច្ចុប្បន្ន​មានភាពស្មុគស្មាញ​ និងភាពរង្គោះរង្គើ ​​

មុនម៉ោងឆ្លងឆ្នាំសកល ២០២៥ ប្រធានាធិបតីចិនបានថ្លែងសន្ទរកថារជូនពរឆ្នាំថ្មី ជាមួយនឹងការគូសបញ្ជាក់អំពីស្ថានភាពពិភពលោក​​បច្ចុប្បន្ន​មានភាពស្មុគស្មាញ​ និងភាពរង្គោះរង្គើរ។ តាមរយៈវីដេអូជាង ៣នាទី លោកXi Jinping បានថ្លែងថា ឆ្នាំ២០២៤ ​យើងបាន​រួមគ្នាដើរឆ្លងកាត់ពេលវេលាពេញមួយឆ្នាំ​ រួមគ្នា​ឆ្លងកាត់ព្យុះភ្លៀងនិងភាពល្អបវរ ​ ​ដែលធ្វើឱ្យ​យើងពិពណ៌នាមិនអស់​ និងពិបាកបំភ្លេចបាន​។

លោកបន្តថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ច​ចិន​បាន​ស្តារឡើងវិញ​ និងមាន​ភាពល្អប្រសើរ​ ​តាមការប៉ាន់ប្រមាណ ​ផលិតផលក្នុងស្រុកសរុបនឹងលើសពី​ ​១៣០ ទ្រីលានយាន់ប្រាក់ចិន។ ​បរិមាណបង្កបង្កើនផលស្បៀង​មានចំនួន​​លើសពី ​០,៧ ទ្រីលានគីឡូក្រាម ប្រជាជនចិន​មាន​ស្បៀងដែលផលិតដោយខ្លួនឯងកាន់តែច្រើន​។ សកម្មភាពមុខរបរថ្មី និងរូបមន្តថ្មីបាន​លេចចេញជាបន្តបន្ទាប់​​ បរិមាណផលិត​រថយន្ត​ថាមពលស្អាតមានចំនួន​​លើសពី ​១០​ លានគ្រឿងជាលើកដំបូង។

ជុំវិញស្ថានការណ៍អន្តរជាតិ លោកបានលើកឡើងថា ពិភពលោក​​បច្ចុប្បន្ន​មានភាពស្មុគស្មាញ​ និងភាពរង្គោះរង្គើ ​​ក្នុងនាមជា​ប្រទេស​ធំ​​ដែលមានទំនួលខុសត្រូវ​​ ​ប្រទេសចិន​បាន​ជំរុញ​យ៉ាង​សកម្មនូវ​កំណែទម្រង់​អភិបាល​កិច្ច​​សកល ​​និងធ្វើ​ឱ្យ​ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ​និងសាមគ្គីភាព​នៃ​​ប្រទេស​សកល​ខាងត្បូង​។ ​យើង​បាន​ជំរុញ​ដោយស៊ីជម្រៅនិង​ជាក់ស្តែងនូវ​ការរួមគ្នា​កសាង​​គំនិត​ផ្តួចផ្តើម​ ​”​ខ្សែ​ក្រវាត់​និង​ផ្លូវ​” ​​ប្រកបដោយ​គុណភាព​ខ្ពស់​, ​​យើងបាន​ប្រារព្ធ​ដោយជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​​ប៉េកាំង​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន-អាហ្វ្រិក​, យើងបានផ្តួចផ្តើមគំនិត​ដ៏ជាក់លាក់ក្នុង​វេទិកា​ទ្វេភាគី និងពហុភាគី​ ​​​​ដែលបាន​បំពេញបន្ថែម​​​កម្លាំង​វិជ្ជមាន​កាន់តែច្រើន​​ដល់​ការគាំពារ​សន្តិភាពនិងស្ថិរភាព​នៃ​ពិភពលោក។

លោកថ្លែងថា ឆ្នាំ២០២៥ ​ប្រទេសចិននឹង​សម្រេច​ដោយពេញលេញ​នូវ​ផែនការជាតិប្រាំឆ្នាំ​​ទី ១៤ ។​ ប្រទេសចិននឹង​លើកកម្ពស់ឥតឈប់ឈរនូវកម្រិត​កសាងនិង​អភិបាលកិច្ចសង្គម ​ ​ដោះស្រាយ​រឿងតូចធំ​របស់ប្រជាពលរដ្ឋឱ្យបានល្អ ​ដើម្បីធ្វើឱ្យ​មនុស្សគ្រប់រូប​មាន​ស្នាមញញឹមកាន់តែ​ច្រើន ​និង​កាន់តែមានភាពកក់ក្តៅ​។

លោកបន្តថា ខណៈឆ្លើយតប​នឹង​ការវិវឌ្ឍ​ខ្លាំង​នៃ​បម្រែ​បម្រួលនិម្មាបនកម្ម​​​ពិភពលោក​​ដែល​មិនធ្លាប់មាន​ក្នុង​​មួយរយឆ្នាំ​​ ​យើង​​ត្រូវ​ជម្នះ​របាំង​និង​ការប៉ះទង្គិច​ដោយ​ទឹកចិត្ត​យោគយល់​គ្នា​ ​ត្រូវ​ផ្តោតលើ​ជោគវាសនា​នៃ​មនុស្សជាតិ​ដោយ​ចិត្តទូលាយ​​។ ​ប្រទេសចិន​មានឆន្ទៈ​ធ្វើការ​ជាមួយគ្រប់ប្រទេស ​ដើម្បី​ធ្វើជា​អ្នកអនុវត្ត​នៃ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព ​អ្នកជំរុញ​នៃ​ការផ្លាស់ប្តូរ​អរិយធម៌ទៅវិញទៅមក​ ​និង​ជាអ្នក​ចូលរួម​បង្កើត​សហគមន៍​រួមជោគវាសនា​នៃ​មនុស្សជាតិ​ ​ដើម្បី​រួមគ្នា​កសាង​​អនាគត​ដ៏​ល្អបវរ​របស់​ពិភពលោក៕