កាលពីថ្ងៃទី២៣ ខែធ្នូ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កំពុងរងសម្ពាធជាខ្លាំងពីសមាជិកសភារបស់ខ្លួន ដោយកំពុងបង្ខំឲ្យលោកចុះចេញពីតំណែង បន្ទាប់ពីយល់ឃើញថាគណបក្សសេរីនិយម មិនមានលទ្ធភាពឈ្នះឆ្នោតនាឆ្នាំក្រោយ។
សមាជិកសភាបានទាមទារឲ្យលោក Trudeau ចុះចេញពីកៅអីនាយករដ្ឋមន្ត្រី និងឲ្យអ្នកផ្សេងឡើងកាន់តំណែងជំនួស ស្របពេលគណបក្សសេរីនិយម ទំនងបាត់បង់អំណាចដែលធ្លាប់តែគ្រប់គ្រងរដ្ឋាភិបាលកាណាដា រយៈពេល ៩ឆ្នាំមកនេះ។
ស្ថានីយប៉ុស្តិ៍ទូរទស្សន៍កាណាដា Canadian Broadcasting Corp បានចេញផ្សាយថា សមាជិកសភានៃគណបក្សសេរីនិយម ច្រើនជាង ៥០រូប បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសៅរ៍ និងបានឈានដល់ការយល់ស្របថា លោក Trudeau ត្រូវតែចុះចេញពីតំណែង។
សូមជម្រាបដែរថា លោក Justin Trudeau ចាប់ផ្ដើមបាត់បង់ប្រជាប្រិយភាព ក្រោយស្ថានភាពសេដ្ឋកិច្ចនៅប្រទេសកាណាដា ចាប់ផ្ដើមស្រុតចុះ ពោលវិបត្តិផ្ទះសម្បែង និងការឡើងថ្លៃទំនិញ គឺជាបញ្ហាចំបង ដែលធ្វើឲ្យប្រជាជនកាណាដាខឹងសម្បារ ជាមួយរដ្ឋបាលលោក Trudeau។
សមាជិកសភានៃបក្សសេរីនិយមបានអះអាងថា វាគ្មានមធ្យោបាយផ្សេងឡើយ ក្រៅពីផ្លាស់ប្ដូរមេដឹកនាំឥឡូវនេះ ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន។ បើសិនជាលោក Trudeau ចុះចេញពីតំណែង គណបក្សសេរីនិយមមានពេលវេលាគ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំថ្មី ខណៈបេក្ខភាពរួមមាន អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Chrystia Freeland រដ្ឋមន្ត្រីការបរទេស Melanie Joly រដ្ឋមន្ត្រីនវានុវត្តន៍ Francois-Philippe Champagne និងអតីតទេសាភិបាលធនាគារកណ្ដាល Mark Carney។
ទោះជាយ៉ាងណា សារព័ត៌មាន The Globe and Mail បានគួសបញ្ជាក់ថា លោក Trudeau មិនមានផែនការចុះចេញពីតំណែង មុនកាលកំណត់ឡើយ ពោលនឹងនៅក្ដោបអំណាច រហូតដល់ថ្ងៃបោះឆ្នោត ដែលត្រៀមធ្វើនាខែតុលា ឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters