អ៊ុយក្រែនត្រៀមផ្ដាច់ប្រភពចំណូលសំខាន់មួយនៃសេដ្ឋកិច្ចរបស់រុស្ស៊ី

ចាប់ពីដើមឆ្នាំក្រោយទៅ សេដ្ឋកិច្ចរុស្ស៊ីទំនងបាត់បង់ប្រភពចំណូលយ៉ាងសំខាន់មួយ គឺការនាំចេញឧស្ម័នទៅកាន់សហភាពអឺរ៉ុប តាមបំពង់បង្ហូរឧស្ម័នឆ្លងកាត់តាមប្រទេសអ៊ុយក្រែន។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Business Insider បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអះអាងម្ដងហើយម្ដងទៀតថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យរុស្ស៊ី នាំចេញឧស្ម័នទៅកាន់តំបន់អឺរ៉ុប ឆ្លងកាត់ប្រទេសរបស់ខ្លួន នឹងមិនត្រូវបានបន្តទៀតឡើយ ខណៈកុងត្រាចាស់ នឹងផុតកំណត់នាចុងឆ្នាំនេះ។

រុស្ស៊ីកើបលុយបានរាប់ពាន់លានដុល្លារ ពីការនាំចេញឧស្ម័នទៅកាន់សហភាពអឺរ៉ុប តាមរយៈបំពង់បង្ហូរឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែន។ បណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងមានការព្រួយបារម្ភ ពីកង្វះខាតនៃការផ្គត់ផ្គង់ឧស្ម័ន បើសិនជាអ៊ុយក្រែនផ្ដាច់ផ្លូវ មិនបន្តកុងត្រាជាមួយរុស្ស៊ី។

បើយោងតាមការគណនាពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុងឆ្នាំចុងក្រោយ នៃកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ រវាងរុស្ស៊ី និងអ៊ុយក្រែន រដ្ឋាភិបាលវិមានក្រឹមឡាំងបានកើបលុយយ៉ាងតិច ៥ពាន់លានដុល្លារ ពីការលក់ឧស្ម័នទៅតំបន់អឺរ៉ុប តាមរយៈប្រទេសអ៊ុយក្រែន។

បើសិនជាអ៊ុយក្រែនពិតជាសម្រេចផ្ដាច់ផ្លូវផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីមែន ពួកគេក៏ទទួលបានការខាតបង់ផងដែរ ដោយសារព័ត៌មាន Bloomberg អះអាងថា អ៊ុយក្រែននឹងបាត់បង់ចំណូលប្រហែល ៨០០លានដុល្លារ ពីថ្លៃសេវាកម្មដែលរុស្ស៊ីបង់ប្រាក់ ពេលលក់ឧស្ម័នឆ្លងកាត់ប្រទេសមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ EuroNews