ពលរដ្ឋដែលជំពាក់កម្ចីអនឡាញ និងលុយរាប សូមរាយការណ៍ផ្ទាល់មកលោក គួច ចំរើន ដើម្បីធ្វើការពិនិត្យនិងសម្របសម្រួល

អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមកលោកផ្ទាល់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានមានជំពាក់កម្ចីអនឡាញ និងសម្រាប់អ្នកកម្ចីលុយពីជនជាតិឥណ្ឌា ដើម្បីលោកធ្វើការពិនិត្យ និងសម្របសម្រួល។

ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” កាលថ្ងៃទី២៤ ខែធ្នូ នៅសាលាស្រុកស្អាង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា កម្ចីអនឡាញគឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញ សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។

ជាមួយគ្នានេះលោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា(លុយរាប់) ហើយក្នុងករណីដែលនៅមានប្រជាពលរដ្ឋមានការខ្ចីលុយពីជនជាតិឥណ្ឌា សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ផងដែរ។

លោកបញ្ជាក់ថា ការខ្ចីរបស់ជនជាតិឥណ្ឌានេះមានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ។ ហើយការខ្ចីនេះ មានរយៈពេលកាន់តែយូរទៅ បំណុលរបស់យើងកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឲ្យយើងសងពួកគេមិនចេះអស់។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋណាបានខ្ចីពីជនជាតិឥណ្ឌា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជូនបងប្អូនកុំឱ្យមានការជំពាក់កាន់តែច្រើនជាងនេះបន្ថែមទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តកណ្តាល