ត្រកូលអភិជនដែលបានភ្ជាប់សាច់ឈាមនាចុងឆ្នាំ ២០២៤ នេះ គឺកូនស្រីសេដ្ឋី លាង ម៉េង នៃក្រុមគ្រួសារ ជីប ម៉ុង បានក្លាយជាអនាគតកូនប្រសាស្របច្បាប់របស់គ្រួសារអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ នៃក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត។


ទោះជាត្រឹមពិធីមង្គលពិសាស្លាដក់កន្សែង តែបរិយាកាសអធិកអធម និងបានតុបតែងយ៉ាងប្រណីតស័ក្តិសមជាលំដាប់ត្រកូលអ្នកមានកំពូលប្រចាំស្រុកខ្មែរ។ កម្មវិធីដែលកន្លងទៅ១ថ្ងៃហើយក៏ពិតមែន តែនៅស្ថិតក្នុងការចង់ចាំរបស់មហាជន ព្រោះជាគូស្នេហ៍ដ៏ស្រស់ស្អាតនាចុងឆ្នាំនេះ អ្វីដែលពិសេសគឺឫកពានៃកូនកំលោះកូនក្រមុំ ពិតជាទន់ភ្លន់គួរឲ្យសរសើរ។
កូនក្រមុំដ៏ស្រស់ស្អាតរបស់អ្នកឧកញ៉ា លាង ម៉េង ឈ្មោះ អ៊ឹង វត្តី ហៅ Marshell ចំណែកកូនកំលោះរបស់អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ មាននាមថា ស៊ី ហ៊ួតកុក។ មិនត្រឹមតែជាគូស្នេហ៍ដែលជាកូនស្រីអ្នកមានលំដាប់អភិជនដូចគ្នាទេ រូបសម្បត្តិក៏ស្រស់សោភា កម្ពស់កំព ពណ៌សម្បុរសមគ្នាទាំងព្រមទៀតផង។
កូនស្រីលំដាប់ត្រកូលអភិជនកញ្ញា អ៊ឹង វត្តី ជាមនុស្សស្រីទាន់សម័យ និងមានរសនិយមមិនចាញ់ម្ដាយឡើយ ចូលចិត្តប្រើប្រាស់សម្ភារៈ សម្លៀកបំពាក់សុទ្ធសឹងប្រេនដ៏ល្បីលំដាប់ពិភពលោក ហើយ collection ខ្លះគ្មានក្នុងស្ដុកឡើយ។
គ្រាន់តែស្បែកជើងក្នុងពិធីពិធីមង្គលពិសាស្លាដក់កន្សែង កូនក្រមុំ Marshell ប្រើប្រាស់ ប្រេន René Caovilla ពណ៌ត្រួយចេក ស៊ីទៅនឹងពណ៌សម្លៀកបំពាក់បែបប្រពៃណីខ្មែររបស់កូនក្រមុំ ស្លៀកពេលព្រឹក។ ចំណែកតម្លៃវិញជិត ១៧០០ ដុល្លារ។ រីឯគូទី២ ពណ៌ទឹកមាសម៉ាក Christian Louboutin តម្លៃរហូតទៅដល់ជាង ១៤០០ ដុល្លារឯណោះ ហើយកូនក្រមុំបានយក១គូនេះ សម្រាប់ពេលល្ងាច៕








អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory