ធនាគារធំបំផុតនៅប្រទេសជប៉ុន Mitsubishi UFJ Financial Group, Inc. បានចេញមុខសុំទោសជាសាធារណៈកាលពីថ្ងៃចន្ទ ជុំវិញករណីមានការលួចលុយអតិថិជនរបស់ខ្លួន ពីប្រអប់ដាក់ទ្រព្យសម្បត្តិក្នុងធនាគារ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ទំហំទឹកប្រាក់ដែលត្រូវបានចោរលួចនោះ គឺមានច្រើនជាង ១ពាន់លានយ៉េន ឬប្រហែល ៦,៦លានដុល្លារ ខណៈទឹកប្រាក់ទាំងនោះ គឺជាកម្មសិទ្ធក្នុងទូរដាក់ទ្រព្យសម្បត្តិរបស់អតិថិជនចន្លោះពី ២០ ទៅ ៦០នាក់។ ករណីនេះបានកើតឡើងនៅសាខាចំនួន ២កន្លែងក្នុងទីក្រុងតូក្យូ ចន្លោះពីខែមេសា ឆ្នាំ២០២០ រហូតដល់ចុងខែតុលា ឆ្នាំនេះ ទើបធនាគារស្រាវជ្រាវដឹងព័ត៌មានមួយនេះ។
ប្រធានធនាគារ លោក Junichi Hanzawa បានប្រាប់អ្នកសារព័ត៌មានថា ចោរដែលលួចទ្រព្យសម្បត្តិរបស់អតិថិជន គឺជាបុគ្គលិកស្រីម្នាក់ មានតួនាទីជាអ្នកគ្រប់គ្រងទូរទ្រព្យសម្បត្តិទាំងនោះ។
ធនាគារធំបំផុតនៅជប៉ុននេះ ក៏បានសងជំងឺចិត្តជូនអតិថិជនដែលរងគ្រោះរបស់ខ្លួន សរុបជាសាច់ប្រាក់ ៣០០លានយ៉េន ឬប្រហែល ២លានដុល្លារផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ The Japan Times