ដល់វ័យចំណាស់ទើប Bill Gates ស្ដាយក្រោយ ព្រោះមិនបានធ្វើរឿងអស់ទាំងនេះ

អស់រយៈពេលជិត ៥០ឆ្នាំហើយ ដែលមហាសេដ្ឋី Bill Gates និងលោក Paul Allen បានបង្កើតក្រុមហ៊ុន Microsoft ដែលជាអ្នកចាប់ផ្ដើមត្រួសត្រាយផ្លូវ សម្រាប់វិស័យបច្ចេកវិទ្យាទូទាំងសកលលោក។

តាមដានជាមួយយើង៖ Million Times

ទោះជាមានទ្រព្យសម្បត្តិច្រើនហូរហៀរ តែមហាសេដ្ឋី Bill Gates បង្ហើបថា លោកមានការស្ដាយក្រោយជាខ្លាំង ដ្បិតកាលពីវ័យនៅមានកម្លាំងពេញលេញ មិនបានធ្វើដំណើរកម្សាន្ត និងចំណាយពេលសម្រាប់ខ្លួនឯងឲ្យបានច្រើន ពោលគឺខិតខំតែធ្វើការរកប្រាក់ ទើបតែឈានដល់វ័យចំណាស់ មានលុយចាយហូរហៀរ បានចេះចាប់ផ្ដើមគិតពីរឿងអស់ទាំងនេះ។

យោងតាមការស្រង់សម្ដីរបស់លោក Gates ថ្លែងប្រាប់ក្រុមនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Northern Arizona ពីសារព័ត៌មាន Fortune បានឲ្យដឹងថា សហស្ថាបនិក Microsoft រូបនេះធ្វើការគ្មានគិតថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកឡើយ អំឡុងពេលបង្កើតក្រុមហ៊ុន Microsoft និងថែមទាំងកាត់ផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្ដិ ដែលបបួលលោកធ្វើដំណើរកម្សាន្តលំហែអារម្មណ៍ថែមទៀត។

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទី០៧ លើលោកបញ្ជាក់ទៀតថា ទើបតែពេលលោកមានវ័យកាន់តែចាស់ និងក្លាយជាឪពុករបស់គេ បានលោកយល់ច្បាស់ថា ការចំណាយពេលជាមួយគ្រួសារ និងផ្ដល់ពេលវេលាសម្រាប់ខ្លួនឯង មិនមែនជារឿងឥតបានការឡើយ បើទោះជាអ្នកកំពុងតាមចាប់ក្ដីស្រមៃ។ វាប្រៀបដូចជាការសាកថ្មថាមពល ដើម្បីឲ្យអ្នកមានកម្លាំងបន្ថែម ដើម្បីសម្រេចគោលដៅកាន់តែឆាប់រហ័សជាងមុនទៅវិញទេ។

លោក Bill Gates ថែមទាំងបានផ្ដាំផ្ញើទៅកាន់យុវជនទាំងនោះថា ពួកគេគួរមានពេលវេលាសម្រាប់ខ្លួនឯង បើទោះជារវល់ខ្លាំងប៉ុណ្ណាក៏ដោយ។ មហាសេដ្ឋីរូបនេះសង្កត់ធ្ងន់ថា អ្នកមិនមែនជាមនុស្សខ្ចិលច្រអូសឡើយ បើសិនជាពេលខ្លះអ្នកទុកការងារចោលមួយអន្លើ ដើម្បីមានពេលវេលាសម្រាប់ខ្លួនឯង៕

អត្ថបទ៖ Luffy រូបភាព៖ GeekWire