ទើបទទួលបានការបរិច្ចាគទឹកប្រាក់ ១លានដុល្លារពីក្រុមហ៊ុន Facebook របស់មហាសេដ្ឋី Mark Zuckerberg ថ្មីថ្មោង ពេលនេះមូលនិធិរៀបចំពិធីស្បថចូលកាន់តំណែងប្រធានាធិបតី របស់លោក Donald Trump ទទួលបានការឧបត្ថម្ភថ្មីមួយទៀត។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Amazon របស់កំពូលអ្នកមាន Jeff Bezos ក៏បានចូលរួមបរិច្ចាគទឹកប្រាក់ ១លានដុល្លារ ទៅក្នុងមូលនិធិខាងលើផងដែរ។
មូលនិធិមួយនេះត្រូវបានបង្កើតឡើង ដើម្បីរ៉ាប់រងការចំណាយលើការរៀបចំកម្មវិធីផ្ទេរតំណែងប្រធានាធិបតី ដែលនឹងធ្វើឡើងនាថ្ងៃទី២០ ខែមករា និងសកម្មភាពពាក់ព័ន្ធផ្សេងៗ ទាក់ទងនឹងការផ្ទេរតំណែងមេដឹកនាំអាមេរិកថ្មី។
គិតមកទល់ពេលនេះ មនុស្សកំពូលលុយ Elon Musk នៅមិនទាន់ឧបត្ថម្ភប្រាក់ សម្រាប់មូលនិធិមួយនេះឡើយ ក៏ប៉ុន្តែមានក្ដីរំពឹងច្រើនថា លោកនឹងបរិច្ចាគប្រាក់ មិនចាញ់មហាសេដ្ឋីរួមជំនាន់ទាំង២ រូបទេ ដ្បិតលោកផ្ទាល់គឺជាមនុស្សជំនិតម្នាក់ ដែលចំណាយពេលនៅក្បែរលោក Trump រហូត៕
អត្ថបទ៖ Luffy រូបភាព៖ ABC