ផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-តួកគី មិនទាន់ដល់គោលដៅនៅឡើយ

ក្រៅពីជជែករឿងពង្រឹងចំណងការទូតអាយុ ៦៥ឆ្នាំរវាងកម្ពុជា-តួកគីយេ និងបញ្ហាតំបន់ និងអន្តរជាតិ ប្រធានព្រឹទ្ធសភាប្រទេសទាំងពីរបន្តពិភាក្សាអំពីសន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ ខណៈតួកគីនឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ នេះបើតាមជំនួបសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក Numan Kurtulmuş ប្រធានរដ្ឋសភាតួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

លោក Numan Kurtulmuş បានលើកឡើងថា កម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ សម្រេចបាន ប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើ ផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារ។ លោកបានបន្តថា ទស្សនកិច្ចរបស់សម្តេច​ ហ៊ុន សែន នាពេលនេះ សំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី។

តាមដានជាមួយយើង៖ Million Times

សម្តេចបានប្រាប់ប្រធានសភាតួកគីថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាន នូវសន្តិភាព និង ស្ថិរភាពយូរអង្វែង។ សម្តេចបានគូសបញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគី។ នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅឆ្នាំ២០១៨ សម្តេចនិងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។

សម្តេចថ្លែងថា សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និងកិច្ចប្រឹងប្រែងរួម របស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញ ផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

សូមជម្រាបថា ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស/តំបន់ដៃគូក្នុងពិភពលោក បានជិត១២,៥ពាន់លានដុល្លារ កើន ១១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ គឺចិន​ មានទំហំប្រមាណ ៣ ២០០លានដុល្លារ, វៀតណាមមានជាង ២ ៣០០លានដុល្លារ, សហរដ្ឋអាម៉េរិកមានប្រមាណ ២០០០លានដុល្លារ, ថៃមានជាង ១ ១០០លានដុល្លារ និងជប៉ុន​ បានជាង ៥០០លានដុល្លារ៕ 

អត្ថបទ៖ សាងតេជៈ រូបភាព​៖ ក្រុមព័ត៌មានសម្តេចតេជោ