មហាសេដ្ឋីរួមជំនាន់ពិបាកតាមទាន់ ក្រោយទ្រព្យសម្បត្តិ Elon Musk ឈានដល់ចំណុចកំពូលថ្មី

ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋី Elon Musk បានឈានដល់ចំណុចកំពូលថ្មីមួយ ដែលមានលើសពី ៤០០ពាន់លានដុល្លារ និងជាចំណុចខ្ពស់បំផុតមិនធ្លាប់មានមហាសេដ្ឋីរូបណា អាចធ្វើបានដូចជារូបលោក។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាននិយាយពីអ្នកមាន Bloomberg បានចុះផ្សាយថា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ទ្រព្យសម្បត្តិរបស់មេធំ Tesla និង SpaceX រូបនេះ មានកំណើនរហូតដល់ ៤៣៩,២ពាន់លានដុល្លារ។

កំណើនទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់លោក Musk ត្រូវបានជំរុញដោយសមិទ្ធផលរបស់ក្រុមហ៊ុន SpaceX ដែលបានសម្រេចកិច្ចព្រមព្រៀងថ្មីមួយ អនុញ្ញាតឲ្យក្រុមវិនិយោគិន អាចទិញភាគហ៊ុនពីបុគ្គលិករហូតដល់ ១,២៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ SpaceX កើនឡើងជាលំដាប់ ខណៈតម្លៃមូលធនទីផ្សារ បានឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន ៣៥០ពាន់លានដុល្លារ។

មហាសេដ្ឋី Elon Musk គឺជាបុគ្គលតែម្នាក់គត់ ដែលតែងបង្កើតកំណត់ត្រាធំៗ និងមិនងាយមានអ្នកបំបែកបាន ក្នុងប្រវត្តិសាស្ត្រមហាសេដ្ឋីពិភពលោក ដោយកាលពីឆ្នាំ២០២១ លោកគឺជាបុគ្គលដំបូង មានទ្រព្យសម្បត្តិលើសពី ៣០០ពាន់លានដុល្លារ ហើយ ៣ឆ្នាំក្រោយ លោកក៏ជាបុគ្គលតែម្នាក់គត់ មានទ្រព្យសម្បត្តិកើនលើសពី ៤០០ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ CNN