លោក Donald Trump បានអញ្ជើញមេដឹកនាំកំពូលចិន Xi Jinping ដើម្បីចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិករបស់លោក គ្រោងធ្វើឡើងនាខែក្រោយ។
ទីភ្នាក់ងារព័ត៌មាន CBS បានចុះផ្សាយថា លិខិតអញ្ជើញពីប្រធានាធិបតីជាប់ឆ្នោត បានផ្ញើទៅកាន់លោក Xi តាំងពីដើមខែវិច្ឆិកា ក្នុងការចូលរួមពិធីឡើងកាន់តំណែងនាថ្ងៃទី២០ ខែមករា ក៏ប៉ុន្តែមកទល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយតបពីភាគីចិននៅឡើយ។
ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីងតោន មិនទាន់បកស្រាយអ្វីឡើយ ទាក់ទងនឹងការសុំបំភ្លឺបន្ថែម ពីក្រុមអ្នកសារព័ត៌មាន។
ដោយឡែក លោក Trump បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងរវាងលោក និងលោក Xi Jinping គឺមានភាពល្អប្រសើរណាស់ ហើយពួកគេថែមទាំងបាននិយាយជាមួយគ្នាថែមទៀតនៅក្នុងសប្ដាហ៍នេះ។
គួរជម្រាបដែរថា វានឹងក្លាយជារឿងដែលមិនធ្លាប់មានពីមុនសោះ បើសិនជាមេដឹកនាំចិន ចូលរួមពិធីតែងតាំងប្រធានាធិបតីអាមេរិក ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយកំពូលរៀងៗខ្លួន៕
អត្ថបទ៖ Luffy រូបភាព៖ The Armidale Express