ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ៣៩ពាន់កន្លែង។ ចំនួននេះមានកើនឡើងចំនួន ១៣គម្រោងបើធៀបនឹងខែតុលាកន្លងទៅ។
តាមរបាយការណ៍របស់ខ្លួននៅថ្ងៃទី៦ ខែធ្នូនេះ CDC បានឲ្យដឹងថា នៅខែវិច្ឆិកាមានគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោងត្រូវបានអនុម័តដែលមានទុនវិនិយោគសរុបប្រមាណ ៩៣៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។
បើតាមCDC ក្នុងខែវិច្ឆិកា ការវិនិយោគមកពីវៀតណាម ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១.០៨% នៃទុនវិនិយោគសរុប, ចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក ២៤.២៦% នៃទុនវិនិយោគសរុប និង កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក ១៤.៤៩% នៃទុនវិនិយោគសរុប។
គួរឲ្យដឹងថា កាលពីខែតុលាកន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ០១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៦ ០០០កន្លែង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម