កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទទួលស្វាគមន៍សមាជិកថ្មីទូរថភ្លើងដឹកទំនិញ (brand new) ចំនួន ៦០ គ្រឿងបន្ថែមពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អប្រសើរជាងមុន។
ទូរថភ្លើងទាំងនោះបានមកដល់កម្ពុជា កាលពីយប់ថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ ២០២៤ ម្ល៉េះ និងបានលើកចុះពីនាវាបានជោគជ័យនៅព្រឹកថ្ងៃបន្ទាប់។ រថភ្លើងដឹកទំនិញដែលក្រុមហ៊ុនរបស់មហាសដ្ឋី គិត ម៉េង បាននាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់។
រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសចិន ត្រូវបានរចនាឡើង ដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ។ ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងជួយជំរុញបន្ថែមសមត្ថភាពសេវាកម្មរបស់ រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាព សម្រាប់អាជីវកម្មទូទាំងប្រទេស។
ទោះជាយ៉ាងណា ទូរថភ្លើងទាំងនោះមុននឹងដាក់ឲ្យដំណើរការដឹកទំនិញ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។
សូមបញ្ជាក់ផងដែរថាទូរថភ្លើងដឹកទំនិញដែលទើបនាំចូលមកថ្មីៗនោះ ត្រូវដាក់ដំណើរការអាជីវកម្មភ្លាមនៅថ្ងៃដដែលតែម្ដង ក្រោយការត្រួតពិនិត្យលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពរួច។
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ប្ដេជ្ញាចិត្តផ្តល់សេវាកម្មឲ្យកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់កម្ពុជា៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Royal Group of Companies