សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ បានសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) ប្រទេសប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច19.COM 7.b.27។
សម្តេច ហ៊ុន សែន ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា បានចាត់ទុកការចុះបញ្ជីនេះគឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ នេះគឺជាការផ្តល់នូវតម្លៃចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
ក្នុងឱកាសដ៏មហាប្រសើរនេះ សម្តេចប្រធានព្រឹទ្ធសភា ថ្វាយនូវអំណរព្រះគុណដ៏ជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។
ក្នុងឱកាសនេះសម្តេចក៏បានសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
គួររំលឹកថា ក្រមាខ្មែរដែលបានរួមគ្នាត្បាញដោយប្រជាពលរដ្ឋខ្មែរ អស់រយៈពេលជាច្រើនខែមកនោះ បានជាឯតទគ្គកម្មជាក្រមាវែងជាងគេនៅលើពិភពលោក (Guinness World Records) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។
កម្មវិធីបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្មវិធីទទួលបានភ្ញៀវចំនួនសរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១។ ប្រសិនបើយើងយកសរសៃរនិមួយៗ នៃក្រមានេះមកបន្តគ្នាតែមួយសរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ