ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤៨គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៦ គម្រោងថ្មីចំនួន ២៨ និងការពង្រីកគម្រោងចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាម៉េរិក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែធ្នូ ដែលបើកកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨គម្រោង ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៦ គម្រោងថ្មីចំនួន ២៨ និងការពង្រីកគម្រោងចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាម៉េរិក ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ គម្រោងរោងចក្រផលិត និងកែច្នៃអាលុយមីញ៉ូម គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និងអាម៉េរិក គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម និងគម្រោងអាទិភាពផ្សេងៗទៀត។


ជាមួយគ្នានេះ ក្រុមការងារក៏បានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមក បានចំនួន ៦គម្រោងដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច ។
សូមជម្រាបថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ២១៣គម្រោង រួចមកហើយគិតត្រឹមខែធ្នូនេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១០១ គម្រោងថ្មីមានចំនួន ៨៩ ការពង្រីកគម្រោង មានចំនួន ១៩ និងគម្រោងមានស្រាប់មានចំនួន ៤។ គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥ និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម។ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាម៉េរិក មានចំនួន ២៣គម្រោង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ