កម្ពុជា ស្នើសុំមហាយក្សចិនដែលជាមិត្តដែកថែបការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ បន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលនឹងចូលរួមជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជា។
នៅចំពោះមុខប្រធានាធិបតី ស៊ី ជីនពីង ក្នុងជំនួបកម្រិតខ្ពស់នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី៣ ខែធ្នូ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។


សម្តេចបានថ្លែងនូវអំណរគុណដល់ប្រធានាធិបតីចិន ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទ អង្គឌួង មកម្លេះ។ សម្តេចបញ្ជាក់ថា គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។
ក្នុងជំនួបកម្រិតខ្ពស់នាពេលនេះ លោក ស៊ី បានលើកឡើងថា ចិន និងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួមក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយ នឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក ។
ពាក់ព័ន្ធនឹងទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោក ស៊ី ក៏បានលើកឡើងថា ប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ