នៅព្រឹកថ្ងៃចន្ទ ខែធ្នូនេះ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។
សមាសភាពគណៈប្រតិភូអមដំណើរ សម្តេច ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេច ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា លោក ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិ- ប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។
នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយលោក វ៉ាង ហ៊ូនឹង ប្រធាន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងលោក ចាវ ឡីជី ប្រធានគណៈ- កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
នៅក្នុងឱកាសទស្សនកិច្ចនាពេលនេះរបស់សម្តេច ហ៊ុន សែន ធ្វើឡើងភ្លាមៗក្រោយដំណើរទស្សនរបស់ប្រមុខការទូតថ្មីរបស់កម្ពុជា លោក ប្រាក់ សុខុន ទៅកាន់ប្រទេសចិន បន្ទាប់ពីចូលកាន់តំណែងបានមួយសប្តាហ៍ ជួបជាមួយរដ្ឋមន្រ្តីការបទេសចិន និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន រួមទាំងឥស្សរជនចិនផ្សេងទៀត។
ក្រសួងការបទេសកម្ពុជា អះអាងថា ដំណើរទស្សនកិច្ចលោក ប្រាក់ សុខុន ធ្វើឡើងក្នុងចេតនាពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ចិន ដ្បិតឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ