គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងសាងសង់អាកាសអន្តរជាតិតេជោ សម្រេចបានជាង ៩០% ខណៈនៅឆមាសទី១ ដើមឆ្នាំ២០២៥ខាងមុខគ្រោងនឹងដាក់ឲ្យដំណើរការ។ នេះបើតាមលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។
លោក ឆារស៍ វ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ការចំណាយថវិកាក្នុងការសាងសង់ព្រលានយន្តអន្តរជាតិថ្មីនេះអស់ចំនួនប្រមាណ ១,៣៣៦លានដុល្លារអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងចំណាយទឹកប្រាក់វិនិយោគ ១,៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០%។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖